ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ ១ កក្កដា សប្ដាហ៍នេះ ថាប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi )បានជំរុញឱ្យអាមេរិកដោះស្រាយបញ្ហាទាក់ទងកោះតៃវ៉ាន់ «ដោយប្រុងប្រយ័ត្នបំផុត» ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio )កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

យោងតាមសេចក្តីសង្ខេបផ្លូវការរបស់ចិននៃការសន្ទនាតាមទូរស័ព្ទ លោក វ៉ាង និយាយថា ការផ្លាស់ប្តូរបន្តិចបន្តួចលើបញ្ហាតៃវ៉ាន់អាចប៉ះពាល់ដល់ស្ថានភាពទាំងមូលដោយបន្ថែមថា ចិន និងសហរដ្ឋអាមេរិកគួរតែធ្វើការដើម្បីគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ ។

ជំនួបតាមទូរស័ព្ទនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលពាក់កណ្តាលខែឧសភារវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង ជាទីដែលលោក Xi បានប្រាប់លោក Trump ថា ការគ្រប់គ្រងការខ្វែងគំនិតគ្នារបស់ប្រទេសទាំងពីរលើបញ្ហាកោះតៃវ៉ាន់មិនបានត្រឹមត្រូវ អាចរុញច្រានទំនាក់ទំនងចិន-អាមេរិក ធ្លាក់ចូលក្នុង «ទីដ៏គ្រោះថ្នាក់បំផុត»។

ទីក្រុងប៉េកាំងអះអាងថាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន ហើយ ពុំច្រានចោលការប្រើប្រាស់កម្លាំងយោធាដើម្បីវាយក្រសោបមកដាក់ក្រោមការគ្រប់គ្រងឡើយ។ ក្រុងតៃប៉ិ បដិសេធការអះអាងរបស់ទីក្រុងប៉េកាំង ហើយសហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយដល់ក្រុងតៃប៉ិក្នុងការការពារខ្លួន។
លោក Wang បាននិយាយថា សហរដ្ឋអាមេរិក និងចិនគួរតែធ្វើការដើម្បីកសាង «ទំនាក់ទំនងបែបស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ ហើយភាគីទាំងពីរគួរតែលុបបំបាត់ការរំខាន ជម្នះឧបសគ្គ និងបន្តដើរតាមទិសដៅត្រឹមត្រូវនេះយ៉ាងរឹងមាំ»។
ក្រសួងការបរទេសចិនបាននិយាយថា លោក Wang និងលោក Rubio បានយល់ព្រម «បន្តរក្សាការទំនាក់ទំនងតាមរបៀបដែលអាចបត់បែនបាន៕