ខណៈចុះទៅពិនិត្យកងទ័ពនៅភាគខាងត្បូងប្រទេសលីបង់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា យោធានឹងមិនចាកចេញពីតំបន់នៅប្រទេសលីបង់នេះទេ ដរាបណាក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅតែជា «ការគំរាមកំហែង» ដល់ប្រទេសជាតិរបស់លោក។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បាននិយាយផងដែរថា យោធាអ៊ីស្រាអែលនឹងមិនដកថយសូម្បីតែ «មួយមីលីម៉ែត្រ» រហូតដល់ក្រុមហេបូឡាត្រូវបានដកហូតអាវុធ។
ប៉ុន្តែជំហររបស់អ៊ីស្រាអែលបែបនេះ គឺផ្ទុយស្រឡះពីប្រការទីមួយនៃអនុស្សរណៈនៃការយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ (MoU) ដែលចែងអំពីការបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់ផ្នែករួមទាំងនៅក្នុងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានចូលកាន់កាប់ប្រហែលមួយភាគប្រាំរបស់ប្រទេសចាប់តាំងពីដើមខែមីនា។

ប្រការនោះ ត្រូវបានលុបចោលដោយកិច្ចព្រមព្រៀងក្របខ័ណ្ឌដាច់ដោយឡែករវាងអ៊ីស្រាអែលនិងរដ្ឋាភិបាលលីបង់ ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលមិនតម្រូវឱ្យកងកម្លាំងអ៊ីស្រាអែលចាកចេញពីភាគខាងត្បូងប្រទេសលីបង់ ឬបញ្ឈប់ការវាយប្រហារ ជាកិច្ចព្រមព្រៀងដែលក្រុមហេសបូឡាបានថ្កោលទោស។
លទ្ធផលនេះ គឺការដាក់ពង្រាយវត្តមានយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ទោះបីជាការវាយប្រហារបានធូរស្រាលដើម្បីបញ្ចៀសការផ្ទុះជម្លោះដោយផ្ទាល់ជាមួយអ៊ីរ៉ង់ក៏ដោយ។