ខ្សែប្រយុទ្ធ AS Monaco, Folarin Balogun បានក្លាយជាតួអង្គសំខាន់ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក និងបូស្នៀ បន្ទាប់ពីរកបានមួយគ្រាប់ ប៉ុន្តែត្រូវបណ្តេញចេញពីទីលាន ខណៈអាមេរិកនៅតែយកឈ្នះក្នុងលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។
ការប្រកួតនៅវគ្គ៣២ក្រុមចុងក្រោយនេះ អាមេរិកបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ និងគ្រប់គ្រងការប្រកួតបានល្អ។ Balogun បានបើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ តែការប្រកួតបានប្រែជាតានតឹងនៅពេល Balogun ទទួលកាតក្រហម និងត្រូវបណ្តេញចេញពីទីលាន ធ្វើឱ្យអាមេរិកត្រូវលេងដោយសល់កីឡាករ ១០នាក់ចាប់ពីនាទីទី ៦៤ ។
ប៉ុន្តែក្រុមរបស់លោក Mauricio Pochetino បានរក្សាវិន័យការពារយ៉ាងល្អ និងមិនបណ្តោយឱ្យបូស្នៀមានឱកាសវាយបកបានឡើយ មុនពេលដែល Malik Tillman ស៊ុតបាល់ហ្វ្រីឃីកធានាជ័យជំនះឱ្យអាមេរិក។
ជ័យជម្នះនេះ បានធានាឱ្យសហរដ្ឋអាមេរិកកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ និងបន្តក្តីសង្ឃឹមក្នុងការប្រជែងពានរង្វាន់ World Cup 2026 នៅលើទឹកដីរបស់ខ្លួនដោយនឹងត្រូវជួបជាមួយប៊ែលហ្ស៊ិក៕ អត្ថបទ៖នាង សុភាវុធ



