នគរបាលប្រទេសអាហ្វ្រិកខាងត្បូង បានចាប់ខ្លួនមនុស្សជាង៩០០នាក់ក្នុងអំឡុងពេលតវ៉ាប្រឆាំងជនអន្តោប្រវេសននៅទូទាំងប្រទេស ដែលភាគច្រើនជាបាតុកម្មដោយសន្តិវិធី ប៉ុន្តែពេលខ្លះបានប្រែក្លាយទៅជាអំពើហិង្សាដោយហាងនានាត្រូវបានគេចូលលួច នេះបើយោងតាមការលើកឡើងរបស់នគរបាល កាលពីថ្ងៃពុធ។

ស្នងការរងនគរបាលជាតិ លោក Tebello Mosikili បាននិយាយទៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមការដង្ហែរក្បួនចំនួន១២០លើក មាន១០៨លើកជាការដង្ហែរក្បួនដោយសន្តិវិធី ខណៈ១២លើកត្រូវការអន្តរាគមន៍ពីនគរបាល ហើយហេតុផលសម្រាប់ការចាប់ខ្លួនទាំងនោះមានចាប់ពីការរំលោភលើអន្តោប្រវេសន៍ រហូតដល់អំពើហិង្សាសាធារណៈ និងការចូលលួចទំនិញ។

នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃអង្គារនៅក្នុងក្រុង Alexandra នៃទីក្រុង Johannesburg ជាកន្លែងដែលអ្នកស្រុកកំពុងចូលលួចក្នុងហាងលក់ទំនិញគ្រប់គ្រងដោយជនបរទេស។ កងកម្លាំងបន្ថែមរបស់នគរបាលត្រូវបានដាក់ពង្រាយនៅទូទាំងខេត្តចំនួនប្រាំក្នុងចំណោមខេត្តចំនួនប្រាំបួនរបស់ប្រទេសខណៈទាហានត្រូវបានបញ្ជូនទៅកាន់តំបន់ Hillbrow នៃទីក្រុង Johannesburg ជាកន្លែងដែលមនុស្សពីរនាក់បានរងរបួសក្នុងការបាញ់ប្រហារ។ បាតុកម្មកាលពីថ្ងៃអង្គារសប្តាហ៍នេះត្រូវបានរៀបចំឡើងដើម្បីសម្គាល់ពីថ្ងៃផុតកំណត់ ដែលចលនាប្រឆាំងអន្តោប្រវេសន៍ត្រូវកំណត់សម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារឲ្យចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង។
ការតវ៉ាបានធ្វើឡើងបន្ទាប់ពីភាពភាពវឹកវររយៈពេលជាច្រើនខែដែលបានធ្វើឲ្យមានការរិះគន់ពីអន្តរជាតិ ខណៈជនបរទេសត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេ និងបានឃើញអាជីវកម្មនិងទ្រព្យសម្បត្តិរបស់ជនបរទេសត្រូវបានបំផ្លាញ។