ប្រជាជនបានស្វែងរកទីជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ខណៈកងកម្លាំងរុស្ស៊ី បានវាយប្រហាររដ្ឋធានីគីវរបស់អ៊ុយក្រែនដោយប្រើយានដ្រូន និងមីស៊ីល កាលពីយប់ថ្ងៃពុធ ទី១ ខែកក្កដា ដោយបានធ្វើឱ្យមនុស្សប្រាំនាក់រងរបួស ខណៈរុស្ស៊ីបានវាយប្រហារអគារលំនៅឋាន និងបង្កឱ្យមានអគ្គិភ័យនៅក្នុងសណ្ឋាគារមួយកន្លែង។

លោក Vitali Klitschko អភិបាលក្រុងគីវ បានសរសេរនៅលើបណ្តាញ Telegram ថា ដំបូលសណ្ឋាគារបានឆេះ ដោយរូបភាពដែលបានបង្ហោះតាមអ៊ីនធឺណិត បង្ហាញពីអគ្គិភ័យកំពុងឆាបឆេះហួសពីការគ្រប់គ្រងនៅផ្នែកខាងលើអគារ ។

នៅក្នុងការបង្ហោះនៅពេលក្រោយមកទៀតនៅលើបណ្តាញ Telegram លោក Klitschko បាននិយាយថា ទីក្រុងគីវក៏បានរងការវាយប្រហារដោយមីស៊ីលបាលីស្ទីកផងដែរ ដោយមនុស្សប្រាំនាក់បានរងរបួសនៅក្នុងសង្កាត់ភាគកណ្តាល ។ សាក្សី បាននិយាយថា ការផ្ទុះជាច្រើនត្រូវបានលាន់ឮនៅក្នុងទីក្រុងគីវ។
ប្រធានាធិបតី លោក Volodymyr Zelenskyy បានព្រមានថា របាយការណ៍ស៊ើបការណ៍សម្ងាត់បានបង្ហាញថា មានការវាយប្រហារកាលពីពេលយប់លើប្រទេសលោក និងបាននិយាយថា លោកកំពុងកាត់បន្ថយរយៈពេលស្នាក់នៅរបស់លោកនៅទីក្រុង Dublin ប្រទេសអៀរឡង់ ដែលលោកបានទៅធ្វើទស្សកិច្ចសម្រាប់ការចាប់ផ្តើមអាណត្តិ៦ខែរបស់ប្រទេសអៀរឡង់ ដែលទទួលបន្ទុកជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប។