សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដេងនូវការអរគុណយ៉ាងខ្លាំងដល់ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ បានជួយមើលថែ និងបណ្ដុះបណ្ដាលកុមារកម្ពុជាដែលមានជីវភាពក្រីក្រជាង ៨ពាន់នាក់ឱ្យបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ ក្នុងនោះសិស្សបញ្ចប់ការសិក្សាជាង ៩៥ភាគរយទទួលបានការងារធ្វើច្បាស់លាស់អាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤។
ក្នុងឱកាសនោះសម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វិញ្ញាណក្ខន្ធលោក គ្រីស្យង់ ដេប៉ាលីយែរ ស្ថាបនិកនៃអង្គការ និងសម្តែងនូវការដឹងគុណជូនចំពោះសហស្ថាបនិក គឺលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ដែលអ្នកទាំងពីរបានចាប់ផ្ដើមបេសកកម្មមនុស្សធម៌នៅកម្ពុជាតាមរយៈការបង្កើតអង្គការ PSEនេះឡើងចេញពីក្តីស្រឡាញ់ និងការអាណិតអាសូរចំពោះកុមារក្រីក្រកម្ពុជា ហើយបានកសាងអង្គការមួយបានផ្លាស់ប្ដូរជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងបីទសវត្សរ៍កន្លងទៅនេះ។
សម្ដេចធិបតីបានថ្លែងថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ PSE បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព។ បានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគត ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៦ ដោយលោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ អង្គការ PSE ជាអង្គការ មិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតឡើងក្នុងគោលបំណង ជួយដល់កុមារក្រីក្របំផុត ដើម្បីឱ្យពួកគេអាចចាកផុតពីភាពក្រីក្រតាមរយៈការអប់រំចំណេះទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមធ្យម PSE បានផ្ដល់ជំនួយប្រចាំឆ្នាំដល់កុមារក្រីក្រ និងងាយរងគ្រោះ ចំនួនជិត ៧០០០នាក់ ដោយឱ្យពួកគេទទួលបានទាំងការស្នាក់នៅ អាហារ ការអប់រំទាំងចំណេះទូទៅ និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ក្រោយបានបញ្ចប់ការបណ្តុះបណ្តាលពីអង្គការ PSE ពួកគេមានសមត្ថភាពអាចបម្រើការងារតាមវិស័យការងារផ្សេងៗក្នុងទីផ្សារពលកម្មកម្ពុជា និងចេញទៅធ្វើការនៅតាមប្រទេសនានាមួយចំនួនទៀតផងដែរ៕












