កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ តាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង ក្រុមការងារបានប្រជុំវាយតម្លៃ និងរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលដោះស្រាយលំហាត់បានច្រើន លឿន និងមានពិន្ទុខ្ពស់ជាងគេ ព្រមទាំងរកឃើញក្រុមឆ្នើមទាំង ៣០ក្រុម ដែលមានភាពលេចធ្លោ ក្រុមការងារក៏បានជ្រើសរើសក្រុមបម្រុងចំនួន ១០ក្រុមបន្ថែមផងដែរ។

ក្រុមជ័យលាភីចំនួន ៣ក្រុម ក្នុងចំណោមបេក្ខភាពប្រកួតទាំង ៣០ក្រុម ដែលបានចូលរួមក្នុងការប្រកួតនឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖
-ជ័យលាភីលេខ ១ បានទៅលើក្រុម WillHack4Coffee នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ ដុល្លារអាម៉េរិកគត់
-ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារអាម៉េរិគត់
-ជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាម៉េរិកគត់
បេក្ខភាពជ័យលាភីចំនួន ៣ក្រុម និងបេក្ខភាពឆ្នើមចំនួន ៣០ក្រុម នឹងទៅចូលរួមក្នុងការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ នៅខែសីហា ឆ្នាំ២០២៦ ខាងមុខ។
ក.ប.ទ. អបអរសាទរដល់ក្រុមទាំង៣០ ព្រមទាំងបេក្ខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការប្រកួតប្រជែង។
កម្មវិធីការប្រកួតសាយប័រអារីណា ២០២៦ នេះ ពិតជាបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់៕





