ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបណ្តាលឲ្យទាហានជាងពីរលាននាក់ស្លាប់ និងរងរបួស ដោយកងកម្លាំងរបស់ទីក្រុងមូស្គូបានរងការបាត់បង់យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយវិទ្យាស្ថានស្រាវជ្រាវរបស់សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយថា៖«ចំនួនទាហានរុស្ស៊ី និងអ៊ុយក្រែនដែលបានស្លាប់និងរងរបួសរួមបញ្ចូលគ្នា បានលើសពី ២លាននាក់»។

មជ្ឈមណ្ឌលនេះបានប៉ាន់ប្រមាណថា ជនជាតិរុស្ស៊ីចន្លោះពី ៤០០.០០០ ទៅ ៤៥០.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងចំណោមទាហានរុស្ស៊ីសរុបចំនួន ១,៤ លាននាក់ ដែលបានស្លាប់ របួស និងបាត់ខ្លួន ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
CSIS បាននិយាយថា ទន្ទឹមនឹងនេះ កងកម្លាំងអ៊ុយក្រែនចន្លោះពី ៥២៥.០០០ ទៅ ៦២៥.០០០នាក់ បានរងរបួស និងចន្លោះពី ១២៥.០០០ ទៅ ១៥០.០០០នាក់ បានស្លាប់ ក្នុងអំឡុងពេលដូចគ្នា៕