កំពង់ស្ពឺ ៖ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសអ្នកដែលរស់នៅ តំបន់ដាច់ស្រយាល កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន និងជនទីទ័លក្រ សរុបចំនួន ២០១គ្រួសារ រស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលធ្វើឡើងនៅទីតាំងចំនួន៤ទីតាំងគឺ៖ ទីតាំងទី១សម្រាប់ប្រជាពលរដ្ឋ៦៧គ្រួសារ រស់នៅភូមិចំនួន៣ នៃឃុំហោងសំណំ, ទីតាំងទី២សម្រាប់ប្រជាពលរដ្ឋ៤៤គ្រួសារ រស់នៅភូមិចំនួន៦ នៃឃុំហោងសំណំ, ទីតាំងទី៣ សម្រាប់ប្រជាពលរដ្ឋ ៤៣គ្រួសារ រស់នៅភូមិចំនួន៤ នៃឃុំសង្កែសាទប, និងទីតាំងទី៤ សម្រាប់ប្រជាពលរដ្ឋ៤៧គ្រួសារ រស់នៅភូមិចំនួន៥ នៃឃុំសង្កែសាទប។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃជាពិសេសបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកជំទាវបានគូសបញ្ជាក់ថា « សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ»។ ឆ្លៀតក្នុងឱកាសនេះលោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះនិងជាបន្តបន្ទាប់។
ទន្ទឹមនឹងនោះដែរ លោកជំទាវ បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ខណៈនោះលោកជំទាវបានគូសបញ្ជាក់ពីវិនាសកម្ម នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងត្រូវចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។
បងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរសម្តេចទាំងទ្វេ មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីផ្តល់ភាពកក់ក្តៅ និងដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ ។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា៨ឧសភាត្រូវបានផ្តល់ ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង , និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា ២ម៉ឺនរៀល៕អត្ថបទ ៖ សំ ងីម














