ប៊ុលហ្គារី រូម៉ានី និងទួរគី កំពុងពង្រីកបេសកកម្មប្រឆាំងមីនរបស់ពួកគេនៅសមុទ្រខ្មៅ ដោយប្រកាសពីផែនការការពារហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកសំខាន់ៗ។ នេះបើយោងតាមសេវាព័ត៌មានរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលប៊ុលហ្គារីបានអនុម័តវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងបី ស្តីពីការបង្កើតក្រុមប្រឆាំងមីនរបស់កងទ័ពជើងទឹករួមគ្នា នៅសមុទ្រខ្មៅ។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«វិសោធនកម្មដែលបានអនុម័តនឹងអនុញ្ញាតឲ្យក្រុមនេះធ្វើការឃ្លាំមើល និងឈ្លបយកការណ៍នៅក្នុងតំបន់ប្រតិបត្តិការ ដោយមានគោលដៅចម្បងក្នុងការទប់ស្កាត់ការវាយប្រហារដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលការខូចខាតអាចប៉ះពាល់ដល់សន្តិសុខជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងបី»។
ក្រុមប្រឆាំងមីនអន្តរជាតិនៅសមុទ្រខ្មៅ ត្រូវបានបង្កើតឡើង នៅដើមឆ្នាំ ២០២៤។ ភារកិច្ចចម្បងរបស់ក្រុមនេះ ត្រូវបានបញ្ជាក់ថា ជាការធានាការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងការទប់ទល់នឹងការគំរាមកំហែងដោយគ្រាប់មីន៕

