ឧត្តមសេនីយ៍ Mohammad Akraminia និយាយថា យោធាប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅមុនពិធីបុណ្យសពរបស់អតីតមេដឹកនាំ លោក Khamenei។
លោកបាននិយាយថា កងកម្លាំងអ៊ីរ៉ង់ បានបង្កើនការដាក់ពង្រាយរបស់ពួកគេសម្រាប់ការទៅដល់របស់មន្ត្រីជាន់ខ្ពស់ និងឥស្សរជនសាសនានិងនយោបាយមកពីប្រទេសផ្សេងៗ។
លោកបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន IRNA ថា «កងកម្លាំងជើងគោក ជើងទឹក និងជើងអាកាសរបស់កងទ័ព បានពង្រីកវត្តមានដ៏សកម្មរបស់ពួកគេនៅទូទាំងព្រំដែនរបស់ប្រទេស ដើម្បីជួយធានាដល់សន្តិសុខ»។ លោកបាននិយាយបន្ថែមថា កងកម្លាំងការពារដែនអាកាសរបស់អ៊ីរ៉ង់ កំពុងរក្សាការឃ្លាំមើលជាបន្តនៅដែនអាកាសរបស់ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី៤ ខែកក្កដា ហើយបញ្ចប់ដោយការបញ្ចុះសពរបស់លោកនៅទីក្រុង Mashhad ភាគឦសាន នៅថ្ងៃទី៩ ខែកក្កដា។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ លោក Khamenei ត្រូវបានសម្លាប់ក្នុងអាយុ ៨៦ ឆ្នាំ នៅរដ្ឋធានី ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃដំបូងនៃសង្គ្រាម។ ពិធីបុណ្យសពជាសាធារណៈរបស់លោកនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ដោយសពរបស់លោកត្រូវបានដាក់តម្កល់ឲ្យចូលគោរពនៅក្នុងអគារដ៏ធំមួយនៅទីក្រុងតេអេរ៉ង់ភាគកណ្តាល។ យោងតាមមន្ត្រីបានឲ្យដឹងថា ពិធីនេះត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមកាន់ទុក្ខចន្លោះពី ១៥ ទៅ២០ លាននាក់ ដែលនឹងក្លាយជាពិធីបុណ្យសពរដ្ឋធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

