តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតមិនធ្លាប់ឃើញចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ក្នុងពេលមានក្តីសង្ឃឹមកើនឡើងសម្រាប់ការទម្លាយភាពទាល់ច្រកក្នុងការចរចាក្នុងគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍។
ប្រេងឆៅ Brent បានធ្លាក់ចុះជាង១ភាគរយនៅថ្ងៃព្រហស្បតិ៍នេះមកនៅត្រឹមក្រោម៧១ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឲ្យតម្លៃស្តង់ដារអន្តរជាតិត្រឡប់ទៅរកតម្លៃនៅមុនសង្គ្រាមវិញ។
ការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមាន «វឌ្ឍនភាពវិជ្ជមាន» ក្នុងការចរចាដោយប្រយោលក្នុងបំណងដោះស្រាយបញ្ហានានាទាក់ទងនឹងអនុស្សរណៈនៃការយោគយល់(MoU) លើការបញ្ចប់សង្គ្រាម។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញពន្លឺវិជ្ជមានលើកិច្ចចរចាកាលពីថ្ងៃពុធ ដោយនិយាយថា «ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅដោយរលូន»។

