សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍អបអរសាទរចំពោះជោគជ័យ របស់ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability)ល្អបំផុតប្រចាំឆ្នាំ២០២៦ ដោយផ្អែកតាមរបាយការណ៍ U.S. News & World Report។
សូមបញ្ចាក់ថា ទិន្នន័យចំណាត់ថ្នាក់នេះ ត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ និងស្ថាប័នស្រាវជ្រាវ ( SEA Infographics) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និងមានការអបអរសាទរយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បណ្តាប្រទេសនានា ដៃគូសហការជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទី។
សម្រាប់ការវាយតម្លៃក្នុងឆ្នាំ២០២៦នេះ ប្រទេសចំនួន ១០០ ត្រូវបានជ្រើសរើស និងធ្វើការវាយតម្លៃ ហើយប្រទេសកម្ពុជាទទួលបានពិន្ទុជាភាគរយក្នុងការអនុវត្តល្អទៅលើសូចនាករចំនួន ៥ ពាក់ព័ន្ធនឹង និរន្តរភាពដី និងធនធាន រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងវិធានការឆ្លើយតបនឹងកង្វះខាតទឹក ដែលឈានដល់ប្រទសកម្ពុជាទទួលបានចំណាត់ថា្នក់លេខ១ លើនិរន្តរភាពដី និងធនធាន គឺបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក បានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕
