សភាបារាំងបានអនុម័តផែនការចំណាយយោធាដែលត្រូវបានធ្វើបច្ចុប្បន្នភាព ជាគម្រោងដែលនឹងបង្កើនការវិនិយោគការពារជាតិដល់ ៤៣៦ពាន់លានអឺរ៉ូ (ជិត ៥០០ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ ខណៈរដ្ឋាភិបាលកំពុងសម្លឹងដល់ការពង្រឹងកងកម្លាំងប្រដាប់អាវុធ ស្របពេលមានក្ដីបារម្ភ អំពីសន្តិសុខសកលកើនឡើង។
ទូរទស្សន៍បារាំង BFM TV បានរាយការណ៍ថា ច្បាប់ ស្តីពីកម្មវិធីយោធាដែលត្រូវបានកែសម្រួលនេះ ត្រូវបានអនុម័តកាលថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ដោយរដ្ឋសភាបារាំង ដោយមានការគាំទ្រ ៣៧៥សំឡេង និងប្រឆាំង ១១៣សំឡេង បន្ទាប់ពីមានការអនុម័ត នៅមុននេះ ក្នុងព្រឹទ្ធសភាបារាំង។
ផែនការនេះបន្ថែមប្រហែល ៣៦ពាន់លានអឺរ៉ូទៅក្នុងការចំណាយបន្ថែម បើធៀបជាមួយគម្រោងពីមុន។ គម្រោងនេះមានគោលបំណងឆ្លុះបញ្ចាំងការរៀនសូត្រមេរៀន ពីជម្លោះ នៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងតម្រូវការក្នុងការបង្កើនការស្តុកមីស៊ីល និងគ្រាប់កាំភ្លើងធំ និងពង្រីកការវិនិយោគ លើយានដ្រូន និងប្រព័ន្ធប្រឆាំងយានដ្រូន។
រដ្ឋាភិបាលបានលើកឡើងថា ច្បាប់នេះត្រូវការជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសអន្តរជាតិដ៏គ្រោះថ្នាក់បន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Catherine Vautrin បានប្រាប់សមាជិកព្រឹទ្ធសភាថា ការផ្លាស់ប្តូរនេះ គឺចាំបាច់ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។
លោកប្រធានាធិបតី Emmanuel Macron ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះឱ្យក្លាយជាច្បាប់ជាធរមាន នៅថ្ងៃទី១៤ ខែកក្កដា៕

