ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងផ្តល់ជំនួយឥតសំណងរហូតដល់ ២០០លានអឺរ៉ូ (២២៨លានដុល្លារ) ដើម្បីជំរុញការដឹកជញ្ជូន ថាមពល និងការតភ្ជាប់ឌីជីថល នៅទូទាំងតំបន់កូកាសខាងត្បូង (South Caucasus)។

អំឡុងពេលជួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev រួមជាមួយលោកស្រី Marta Kos ស្នងការទទួលបន្ទុកកិច្ចការបន្ថែមសមាជិក EU លោកស្រី Von der Leyen បាននិយាយថា គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រសន្តិភាព រវាងអាស៊ែបៃហ្សង់ និងអាមេនី ដោយពង្រឹងការតភ្ជាប់ ក្នុងតំបន់ និងផ្តល់ជំនួយដល់សហគមន៍ ក្នុងតំបន់។
អាមេនី និងអាស៊ែបៃហ្សង់ បានមានសង្គ្រាមជាមួយគ្នាអស់រយៈពេលជិត ៤ទសវត្សរ៍ ពាក់ព័ន្ធនឹងតំបន់ភ្នំ Nagorno-Karabakh ហើយបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីបានជួបជាមួយលោកប្រធានាធិបតី Donald Trump នៅឯសេតវិមាន។
លោកស្រី von der Leyen បានបន្ថែមថា៖ «សន្តិភាពតាមរយៈកញ្ចប់តភ្ជាប់របស់យើង នឹងជួយកសាងអនាគតដ៏សុខសាន្ត និងវិបុលភាព សម្រាប់តំបន់កូកាសខាងត្បូង។ ហើយដោយមានការរួមគ្នា យើងអាចប្រែក្លាយសន្តិភាពនៅលើក្រដាសទៅជាសន្តិភាពជាក់ស្ដែង»៕
