រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើដំណើរទៅកាន់ទីក្រុងបេរូត នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលលីបង់ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅទីនោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីលទ្ធភាពរបស់កងកម្លាំងស៊ីរីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីស៊ីរី លោក Ahmed Al-Sharaa នាពេលកន្លងមក បដិសេធអ្វីដែលលោកហៅថា ជាពាក្យចចាមអារ៉ាមអំពីវត្តមានស៊ីរីណាមួយចូលទៅក្នុងប្រទេសលីបង់។
រដ្ឋមន្ត្រីស៊ីរី លោក Asaad Al-Shibani បានជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅពេលចុះពីយន្តហោះ ហើយបន្ទាប់មកបានធ្វើដំណើរទៅកាន់កិច្ចប្រជុំជាមួយប្រធានសភា លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។
រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរីក្រោមការដឹកនាំរបស់អតីតមេបញ្ជាការនៃក្រុមអាល់កៃដា លោក Sharaa បានក្លាយជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ចាប់តាំងពីកងកម្លាំងរបស់លោក បានផ្តួលរំលំអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) ក្នុងឆ្នាំ ២០២៤ ហើយភាគច្រើនបាននៅក្រៅសង្គ្រាមក្នុងតំបន់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងអ៊ីរ៉ង់៕

