មេបញ្ជាការយោធាអ៊ីរ៉ង់ មួយរូប បានព្រមាន សហរសដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ ទល់នឹងការវាយប្រហារណាមួយលើអ៊ីរ៉ង់ ខណៈប្រទេសនេះត្រៀមរៀបចំពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាមថ្ងៃទី២៨កុម្ភៈឆ្នាំនេះ ។
លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្ដាល Khatam al-Anbiya បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានរដ្ឋថា ពួកលោកព្រមានដល់សត្រូវរបស់អ៊ីរ៉ង់ ពិសេសអាមេរិក និងរបបជ្វីហ្វអ៊ីស្រាអែល ជៀសវាងការគណនាខុសណាមួយ ហើយត្រូវគិតអំពីការសងសឹកដ៏ខ្លាំងក្លាពីកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ចំពោះការគំរាមកំហែង និងការឈ្លានពានណាមួយមកលើប្រទេសរបស់ខ្លួន។

ពិធីបុណ្យសពសម្រាប់លោក Khamenei នឹងចាប់ផ្ដើមនៅថ្ងៃទី៤កក្កដា ក្នុងរដ្ឋធានីតេអេរ៉ង់ និងបញ្ចប់នៅថ្ងៃទី៩កក្កដា ដោយសពនឹងត្រូវបញ្ចុះក្នុងទីក្រុង Mashhad ដែលជាក្រុងកំណើតរបស់លោក។
កាលពីថ្ងៃពុធ១កក្កដា សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញការព្រមានស្រដៀងគ្នានេះ ថា ទីក្រុងតេអេរ៉ង់ នឹងផ្ដល់ការឆ្លើយតបភ្លាមៗ និងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែងណាមួយមកលើប្រជាជន ឬមេដឹកនាំរបស់ខ្លួន បន្ទាប់ពីការអត្ថាធិប្បាយពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ថា មេដឹកនាំកពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei គឺជាគោលដៅនៃការសម្លាប់៕

