រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានបញ្ជាក់ឡើងវិញការគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់ទីក្រុងគីវ អំឡុងជំនួបទ្វេភាគីជាមួយសមភាគីអ៊ុយក្រែនលោក Andrei Sybiha ។
អំឡុងជំនួបជាមួយលោក Sybiha នៅទីក្រុងតូក្យូ លោក Motegi និយាយថា ជប៉ុននឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន ហើយនិងលើកកម្ពស់ការស្តាឡើងវិញរបស់អ៊ុយក្រែន ហើយនិងការកសាងឡើងវិញ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យឯកជន និងរដ្ឋ ។

ដោយឡែក លោក Sybiha និយាយដែរថា ទីក្រុងគីវ ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើបញ្ហាសន្តិសុខ ជាពិសេសសម្រាប់បច្ចេកវិទ្យាយានដ្រូន ។
ក្រោយជំនួបនោះ រដ្ឋមន្រ្តីប្រទេសទាំង ២ បានចុះហត្ថលេខាផងដែរលើអនុស្សរណៈយោគយល់នៃការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) របស់ជប៉ុន ៕
