មនុស្សយ៉ាងហោចណាស់ ១៦នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរទៅកាន់ខេត្ត Eastern Cape ក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានក្រឡាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា រថយន្តក្រុងនេះកំពុងដឹកអ្នកដំណើរចំនួន ៧៨នាក់ ពីទីក្រុង Cape Town ក្នុងខេត្ត Western Cape ទៅកាន់ទីក្រុង Idutywa ក្នុងខេត្ត Eastern Cape។
អ្នកនាំពាក្យរបស់សាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោក (RTMC) លោក Simon Zwane បាននិយាយថា៖ «មានការរាយការណ៍ថា រថយន្តក្រុងនេះបានបត់ភ្លាមៗ ដើម្បីកុំឲ្យបុកជាមួយរថយន្តដឹកជញ្ជូន នៅពេលដែលអ្នកបើកបរមិនអាចគ្រប់គ្រងបាន ហើយរថយន្តបានក្រឡាប់»។
ខណៈពេលដែលរបាយការណ៍ដំបូង បានឱ្យដឹងថា មនុស្ស ៩នាក់បានបាត់បង់ជីវិត ការស៊ើបអង្កេតបន្ថែមទៀតនៅកន្លែងកើតហេតុ បានបង្ហាញថា មានមនុស្សស្លាប់សរុបចំនួន ១៦នាក់។
អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុង Worcester ចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីទីក្រុង Cape Town ខណៈដែលអ្នកដំណើរយ៉ាងហោចណាស់ ៤៣នាក់ បានបដិសេធមិនទទួលយកការព្យាបាលណាមួយឡើយ។
លោក Zwane បាននិយាយថា៖ «មូលហេតុនៃគ្រោះថ្នាក់ នឹងស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្តបន្ទាប់ដោយ RTMC និងទីភ្នាក់ងារនគរបាលអាហ្វ្រិកខាងត្បូង»៕

