អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថា ស្ថានភាពនៅក្នុងទីក្រុង Kharkiv និងនៅតំបន់ Donbas នៅតែពិបាកខ្លាំង។ លោក Zelenskyy និយាយថា ការការពារទឹកដីរបស់យើង និងប្រជាជនគឺជាការប្រយុទ្ធដើម្បីជីវិត។ អ្នកឈ្លានពានកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបំផ្លាញជីវិតរបស់យើងនៅក្នុងទឹកដីតំបន់ Donbas។

ការបាញ់ផ្លោងដ៏ឃោរឃៅឥតឈប់ឈរ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅឋានបញ្ជាក់ថា រុស្ស៊ីមានបំណងធ្វើឱ្យទឹកដីនេះគ្មានមនុស្សរស់នៅ។ កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងរបស់ទីក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីល ទៅលើអគារលំនៅឋានខ្ពស់មួយកន្លែង និងអគារមួយកន្លែងផ្សេងទៀតក្នុងទីក្រុង Kyiv ដែលមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍កន្លងមកនៅក្នុងរដ្ឋធានី បន្ទាប់ពីការដកថយរបស់កងទ័ពរុស្ស៊ីចេញពីតំបន់កាលពីដើមខែនេះ។

ការវាយប្រហារដោយមីស៊ីលបានកើតឡើងត្រឹមតែមួយម៉ោង បន្ទាប់ពីលោក Zelenskyy បានធ្វើសន្និសីទសារព័ត៌មានរួមជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ លោក Zelenskyy និយាយថា ការបោសសម្អាតកម្ទេចកំទីនៅតែបន្តក្នុងទីក្រុង Kyiv ជាកន្លែងដែលមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខអង្គការសហប្រជាជាតិ៕
អត្ថបទ៖ ប៊ុនថន