អន្តរការី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះថា កិច្ចចរចាដោយប្រយោលបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើងក្រោយពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ខណៈដែលការទូត កំពុងឆ្ពោះទៅមុខសន្សឹមៗ ក្នុងការបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
បន្ទាប់ពីមានការពិភាក្សាដោយប្រយោលរបស់គូអរិទាំង២ កាលពីថ្ងៃពុធ នៅទីក្រុងដូហា ប្រទេសកាតា ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដូចជាអ្នកសម្របសម្រួលកាតា និងប៉ាគីស្ថាន បានផ្តល់សញ្ញាថា ការទូតកំពុងដំណើរការ ទោះបីជាមានការវាយប្រហារតបតគ្នាថ្មីៗនេះក៏ដោយ។
កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយត្រូវបានព្រមព្រៀងគ្នា ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់អរិភាព ប៉ុន្តែបញ្ហាសំខាន់ៗនៅតែត្រូវដោះស្រាយ នៅក្នុងកិច្ចចរចា រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ ប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា៖ «អ្នកសម្របសម្រួលកាតា និងប៉ាគីស្ថាន បានបញ្ចប់កិច្ចប្រជុំដាច់ដោយឡែកជាមួយក្រុមអ្នកចរចាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងដូហា (ថ្ងៃពុធ) ដោយមានវឌ្ឍនភាពជាវិជ្ជមាន»។
ទីក្រុងអ៊ីស្លាម៉ាបាដបានបន្ថែមថា ភាគីទាំង២ បានយល់ព្រមបន្តការពិភាក្សា «ដោយកិច្ចប្រជុំបន្ទាប់ នឹងត្រូវបានកំណត់យ៉ាងលឿនបំផុតតាមដែលអាច គឺបន្ទាប់ពីពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់»។
លោក Ali Khamenei ត្រូវបានសម្លាប់ក្នុងវ័យ ៨៦ឆ្នាំ នៅកណ្តាលរដ្ឋធានីរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការផ្ទុះសង្គ្រាម។ ពិធីបុណ្យសពសាធារណៈរបស់លោក Ali Khamenei នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ដោយសាកសពរបស់លោកត្រូវបានតម្កល់នៅក្នុងអគារដ៏ធំសម្បើម នៅកណ្តាលទីក្រុងតេអេរ៉ង់ ដែលជាកន្លែងរៀបចំពិធីអធិដ្ឋានថ្ងៃសុក្រដ៏សំខាន់ ពិធីផ្លូវការ និងការជួបជុំបែបសាសនា។ ការបញ្ចុះសពរបស់លោក នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា នៅទីសក្ការៈបូជា Imam Reza ក្នុងទីក្រុង Mashhad ភាគឦសាន ដែលជាកន្លែងកំណើតរបស់លោក៕

