នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីរ៉ង់ បានព្រមានថា ការបន្តមានវត្តមាននៃយន្តហោះយោធា ទាំងមានមនុស្សបើក និងគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ហើយបានសន្យាថា នឹងមានការឆ្លើយតប «យ៉ាងរហ័ស និងម៉ឺងម៉ាត់» ចំពោះការជ្រៀតជ្រែកណាមួយរបស់អាមេរិក នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សាយដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars ទីស្នាក់ការកណ្តាល Khatam al-Anbiya បានលើកឡើងថា ការបន្តមានវត្តមាននៃយន្តហោះចម្បាំង និងយានដ្រូនរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz «បានបង្កឱ្យមានអសន្តិសុខ នៅក្នុងផ្លូវទឹកនេះ ហើយនឹងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់»។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា៖ «អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការណាមួយ ដើម្បីទប់ទល់នឹងការឈ្លានពាន និងការរំលោភបំពានណាមួយដោយយោធាអាមេរិក និងអ្នកគាំទ្ររបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន នៅច្រកសមុទ្រ Hormuz។ ការជ្រៀតជ្រែកណាមួយរបស់អាមេរិកនៅច្រកសមុទ្រ Hormuz នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរហ័សពីកងកម្លាំងប្រដាប់អាវុធ»។
ទីស្នាក់ការកណ្តាលនេះបានពិពណ៌នាអំពីច្រកសមុទ្រ Hormuz ថា ជា «ទឹកដីអធិបតេយ្យរបស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់» ហើយថា សន្តិសុខ និងស្ថិរភាពរបស់ផ្លូវទឹកយុទ្ធសាស្ត្រនេះបង្កើតបានជា «ខ្សែបន្ទាត់ក្រហម» សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស៕


