ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងដាក់សំណើសុំទណ្ឌកម្មបន្ថែមទៀតដាក់លើរុស្ស៊ី បន្ទាប់ពីរលកថ្មីនៃការវាយប្រហាររបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ បានសម្លាប់មនុស្ស ១៣នាក់ និងធ្វើឲ្យខូចខាតអគារស្នាក់នៅយ៉ាងធ្ងន់ធ្ងរចំនួន ២០ខ្នង ស្របពេលដែលក្រុមសង្រ្គោះបន្ទាន់ បានធ្វើការតាមកម្ទេចកម្ទី ហើយក្រុមអាជ្ញាធរ កំពុងវាយតម្លៃទំហំនៃការបំផ្លិចបំផ្លាញ ។
លោកបន្តថា មីស៊ីលបានវាយប្រហារទីតាំងមួយនេះដោយផ្ទាល់ វាយប្រហារត្រូវចំអគារកម្ពស់ ៩ជាន់ ។ មាននូវការវាយប្រហារបែបនេះចំនួន ២០លើកនៅថ្ងៃនេះ ដោយយានដ្រូន និងមីស៊ីល បណ្តាលឲ្យអគារ ២០ខ្នង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញដោយអន្លើរ ។ អគាររាប់រយខ្នងទៀត រងការខូចខាត ដោយសាររលករញ្ជួយ និងកម្ទេចកម្ទីហើរ ។
លោកស្រី Kallas និយាយថា ក្នុងសប្តាហ៍នេះ EU បានចាប់ផ្តើមចែកចាយប្រាក់ ៦ពាន់លានអឺរ៉ូ ក្រោមប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូ ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន ហើយនៅថ្ងៃនេះ លោកស្រីស្នើសុំដាក់ទណ្ឌកម្មលើអង្គភាពជាច្រើនទៀតដែលគាំទ្រឧស្សាហកម្មយោធារុស្ស៊ី ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារទាំងនេះ ។ ពួកយើងត្រូវតែបន្តបង្កើនការចំណាយរហូតដល់រុស្ស៊ី យល់ឃើញច្បាស់ថា ពួកគេមិនអាចឈ្នះសង្រ្គាមមួយនេះបានឡើយ ៕
