ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃជាច្រើកន្លែងនៅតំបន់ភាគខាងត្បូងប្រទេសបារាំងនាថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលប្រទេសមួយនេះ ជួបស្ថានភាពអាកាសធាតុក្តៅខ្លាំង បន្ទាប់ពីរលកកម្តៅវាយប្រហារអឺរ៉ុប ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Laurent Nunez និយាយថា ភ្លើងឆេះព្រៃ ៣កន្លែង ក្នុងនោះភ្លើងឆេះព្រៃ ២កន្លែង បានឆាបឆេះទីក្រុងកំពង់ផែ Marseille ស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេនោះ បានឆាបឆេះដីព្រៃសរុប ១.២១០ហិចតា ។
កាលពីសប្តាហ៍មុន អង្គការឧតុនិយមពិភពលោក បានព្រមានថា សីតុណ្ហភាពជាប់កំណត់ត្រាដែលបានកម្លោចតំបន់ភាគខាងលិចអឺរ៉ុបអស់រយៈពេលជាង ១សប្តាហ៍មកហើយ ចាប់តាំងពីចុងខែមិថុនារហូតមកនោះ នឹងធ្វើឲ្យហានិភ័យកាន់តែអាក្រក់ទៅនៃភ្លើងឆេះព្រៃ ។
ភ្លើងឆេះព្រៃធំបំផុត កំពុងឆាបឆេះនៅតំបន់រដ្ឋបាល Aude ស្ថិតនៅជិតព្រំដែនប្រទេសអេស្ប៉ាញ ក្នុងនោះដីព្រៃប្រហែល ៩០០ហិចតា រងការឆាបឆេះគ្មានសេសសល់ ។ អាជ្ញាធរក្នុងស្រុក និយាយថា ខ្យល់បក់ខ្លាំង បង្កការលំបាកដល់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ៨០០នាក់ ដែលកំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។
ខណៈពេលនោះដែរ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងផងដែរ នៅតំបន់ Rognac ស្ថិតនៅជិតអាកាសយានដ្ឋានក្រុង Marseille ហើយនិងបានគ្រប់គ្រងភ្លើងឆេះព្រៃមួយទៀត ដែលបានឆាបឆេះដីព្រៃ ២៦០ហិចតា ក្នុងសង្កាត់ Lancon-Provence ។ ក្រុមមន្រ្តីក្នុងស្រុកនិយាយថា គ្មានគ្រោះថ្នាក់កើតឡើងនោះទេ ៕

