រដ្ឋអាជ្ញាអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់ថា អាជ្ញាធររដ្ឋអ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ប្រទេសរុស្ស៊ីជាមួយអឺរ៉ុប គឺ Nord Stream ក្នុងឆ្នាំ២០២២ ដោយការចោទប្រកាន់នេះធ្វើឱ្យស្មុគស្មាញដល់ ទំនាក់ទំនងជិតស្និទ្ធ រវាងទីក្រុងគីវ និងអ្នកគាំទ្រយោធាសំខាន់របស់ខ្លួន គឺទីក្រុងប៊ែរឡាំង។
ការវាយប្រហារដោយគ្រឿងផ្ទុះ នៅសមុទ្របាល់ទិក បានបំផ្លាញបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រចំនួន ៣ ក្នុងចំណោម ៤ នៃតំណភ្ជាប់ថាមពលដ៏សំខាន់ទៅកាន់អាល្លឺម៉ង់ និងបាននាំឲ្យមានការបញ្ចេញឧស្ម័នមេតានក្នុងបរិមាណច្រើនបំផុតទៅក្នុងបរិយាកាស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរៀបរាប់លម្អិត អំពីការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យម្នាក់ រដ្ឋអាជ្ញាអាល្លឺម៉ង់ បានបញ្ជាក់ថា រូបគេ និងសមាជិកផ្សេងទៀតនៃយោធាអ៊ុយក្រែន បានធ្វើសកម្មភាព «តាមបញ្ជារបស់អាជ្ញាធររដ្ឋ នៅអ៊ុយក្រែន»។
ករណីនេះគឺមិនអំណោយផលឡើយ សម្រាប់អាល្លឺម៉ង់ និងអ៊ុយក្រែន នៅពេលដែលអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានលេចឡើងក្នុងនាមជាអ្នកគាំទ្រយោធាធំបំផុតរបស់អ៊ុយក្រែន ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ជនសង្ស័យដែលស្ថិតក្រោមការសួរចម្លើយ ត្រូវបានចាប់ខ្លួនកាលពីរដូវក្តៅឆ្នាំ២០២៥ នៅប្រទេសអ៊ីតាលី ហើយត្រូវបានធ្វើបត្យាប័នទៅអាល្លឺម៉ង់ នៅខែវិច្ឆិកា និងត្រូវបានដាក់ឈ្មោះនៅពេលនោះថា Serhii Kuznietsov។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាបានលើកឡើងថា រូបគេគឺជា «មន្ត្រីម្នាក់នៅក្នុងជួរកងទ័ពអ៊ុយក្រែន» ហើយថា បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ «រូបគេ និងសមាជិកយោធាដទៃទៀត បានបង្កើតផែនការមួយ ដើម្បីបំផ្លាញ» បំពង់បង្ហូរ ដោយមានគោលរាំងខ្ទប់ចំណូលបានពីឧស្ម័នកុំឲ្យធ្លាក់ទៅក្នុងដៃរុស្ស៊ី៕

