មន្ត្រីអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលទីក្រុងគីវ បានឲ្យដឹងថាបានសម្លាប់មនុស្ស ១៣ នាក់ ដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រកាសពីផែនការ ដើម្បីស្នើទណ្ឌកម្មថ្មីផ្តោតលើអង្គភាពដែលគាំទ្រមជ្ឈមណ្ឌលយោធា-ឧស្សាហកម្មរបស់រុស្ស៊ី។

លោកស្រី Kallas បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ពាក្យថ្កោលទោសតែម៉្យាង នឹងមិនបញ្ឈប់ការវាយប្រហារលើទីក្រុងគីវបានឡើយ។ មានតែការគាំទ្រផ្នែកយោធាប្រកបដោយចីរភាព សម្រាប់អ៊ុយក្រែន និងការបង្កើនសម្ពាធ លើទីក្រុងមូស្គូប៉ុណ្ណោះ ទើបអាចសម្រេចគោលដៅនោះបាន»។
លោកស្រីបានបន្តទៀតថា EU នៅសប្តាហ៍នេះ បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីចំនួន ៦ពាន់លានអឺរ៉ូ (ប្រហែល ៦,៨ពាន់លានដុល្លារ) ក្រោមប្រាក់កម្ចីគាំទ្រ ៩០ពាន់លានអឺរ៉ូ (១០២,៧ពាន់លានដុល្លារ) ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។
លោកស្រី Kallas បាននិយាយថា៖ «ថ្ងៃនេះ ខ្ញុំនឹងស្នើឱ្យដាក់ទណ្ឌកម្មអង្គភាពជាច្រើនទៀតដែលគាំទ្រមជ្ឈមណ្ឌលយោធា-ឧស្សាហកម្មរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ។ ទីក្រុងមូស្គូកាន់តែវាយប្រហារជនស៊ីវិល ការដាក់ទណ្ឌកម្មកាន់តែច្រើនត្រូវបង្កើន។ យើងបន្តវិធានការកាន់តែតឹងរ៉ឹង រហូតដល់រុស្ស៊ីដឹងថា ខ្លួនមិនអាចទទួលបានជ័យជម្នះឡើយ»។
លោកស្រីបានបន្ថែមថា បុគ្គលិកទាំងអស់របស់ EU នៅទីក្រុងគៀវ ត្រូវបានទាក់ទង និងមានសុវត្ថិភាព បន្ទាប់ពីមានការវាយប្រហារ ហើយបានថ្លែងអំណរគុណដល់បុគ្គលិកទាំងនោះ ដែលបន្តការងាររបស់ពួកគេ «នៅក្រោមកាលៈទេសៈដ៏លំបាកបំផុត» នេះ៕


