រុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងបន្តបង្កើនសម្ពាធលើអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំកាលពីយប់កន្លងទៅលើទីក្រុងគីវ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
អ៊ុយក្រែននិយាយថា រុស្ស៊ីបើកការវាយប្រហារមីស៊ីល ៧៤គ្រាប់ និងយានដ្រូន ៤៩៦គ្រឿង ដែលបានបំផ្លិចបំផ្លាញអគារស្នាក់នៅរាប់សិបខ្នង ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ពួកគេមានគោលដៅតែលើទីតាំងយោធាប៉ុណ្ណោះ ។
លោកថា លោកប្រធានាធិបតី Vladimir Putin ត្រូវបានរៀបរាប់សង្ខេបប្រាប់ដោយមេបញ្ជាការយោធាជាន់ខ្ពស់របស់លោកគឺលោក Valery Gerasimov ពីលទ្ធផលនៃអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើទីក្រុងគីវ និងទីតាំងផ្សេងទៀត ។
នៅឆ្នាំទី ៥នៃសង្រ្គាមរបស់ខ្លួន រុស្ស៊ីបានបង្កើនការវាយប្រហារមីស៊ីល និងយានដ្រូន ជាពិសេសលើទីក្រុងគីវ ស្របពេលដែលអ៊ុយក្រែនបង្កើនការវាយប្រហារយានដ្រូនលើវិស័យថាមពលរុស្ស៊ី ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ដែលនាំឲ្យមានកង្វះខាតប្រេងជាសកល ៕