ស្លាកស្នាមឆេះ និងរថយន្តរងការឆាបឆេះ បាននៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកភ្លើងដែលបានសម្លាប់មនុស្សម្នាក់ នៅទីក្រុងភាគខាងជើង Thessaloniki ប្រទេសក្រិកនាថ្ងៃព្រហស្បតិ៍នេះ ។
ស្រ្តីវ័យ ៧២ឆ្នាំម្នាក់ បានស្លាប់ដោយសារការរលាកភ្លើងធ្ងន់ធ្ងរ អំឡុងការវាយប្រហារគ្រាប់បែកភ្លើងដែលមានគោលដៅលើមនុស្សមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាចប្រជាធិបតេយ្យថ្មីរបស់ក្រិក ។
អ្នកស្រុកម្នាក់ដែលព្យាយាមជួយស្រ្តីរងគ្រោះម្នាក់ និយាយថា លោកបានព្យាយាមជួយស្រ្តីវ័យចំណាស់ម្នាក់នេះ ដោយប្រើទឹក និងម៉ាស ហើយលោកបាននាំគាត់ទៅលើរានហាលផ្ទះរបស់លោក ដើម្បីកុំឲ្យគាត់ស្រូបផ្សែង ហើយនិងរលាកអណ្តាតភ្លើង ។
ក្រុមវាយប្រហារ បានដាក់កំប៉ុងហ្គាសភ្លើងជាច្រើននៅផ្ទះ ៣កន្លែងរបស់ឥស្សរជនមកពីគណបក្សកាន់អំណាច ស្ថិតក្នុងទីក្រុង Thessaloniki មុនពេលព្រឹកថ្ងៃអង្គារ ក៏បណ្តាលឲ្យមានការផ្ទុះបែបនេះកើតឡើង ។
សេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យនិយាយថា លោកយាយ Vagia Nestora ដែលត្រូវជាម្តាយរបស់លោក Afroditi Nestora គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យថ្មី បានស្លាប់ដោយសារលែងដំណើរការសរីរាង្គ ក្រោយរងការឆាបឆេះប្រហែល ៨០ភាគរយលើខ្លួនប្រាណរបស់គាត់ ។ បេក្ខជនរូបនេះ បានរងការឆាបឆេះផងដែរ ហើយមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ។
ពុំទាន់មានការអះអាងទទួលស្គាល់ភ្លាមៗនោះទេចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារលើកដំបូងលើអ្នកនយោបាយក្រិកបណ្តាលឲ្យស្លាប់មនុស្ស ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ៕