រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះថា ទីក្រុងដាម៉ាសបើកចំហ ក្នុងការជួបជាមួយក្រុមហេសបូឡា ប្រសិនបើការធ្វើដូច្នេះ «បម្រើជាផលប្រយោជន៍ជាតិ» ខណៈពេលដែលសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រូវបានពិភាក្សាឡើយ ក្នុងអំឡុងពេលមានកិច្ចពិភាក្សាជាមួយប្រធានសភាលីបង់ លោក Nabih Berri។
ដោយបាននិយាយបន្ទាប់ពីជួបជាមួយលោក Berri ក្នុងទីក្រុងបេរូត លោក al-Shaibani បាននិយាយថា «ប្រសិនបើការជួបជាមួយក្រុមហេសបូឡាបម្រើផលជាប្រយោជន៍ជាតិ យើងបើកចំហសម្រាប់ជំនួបបែបនេះ»។
លោកបានបញ្ជាក់ថា បញ្ហានេះមិនត្រូវបានលើកឡើងក្នុងអំឡុងកិច្ចប្រជុំនោះទេ ដោយបន្ថែមថា ការពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរបៀបដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។
ការកត់សម្គាល់របស់លោក Al-Shaibani បែបនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Ahmad al-Sharaa បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Al Mashhad ថា ទីក្រុងដាម៉ាសបើកចំហសម្រាប់ការពិភាក្សាជាមួយភាគីលីបង់ទាំងអស់ ក្នុងនោះរួមទាំងក្រុមហេសបូឡាផងដែរ៕