ប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកបានផ្ញើសារច្បាស់លាស់ទៅកាន់អ៊ីរ៉ង់ជាពិសេស ទាក់ទងនឹងស្ថានភាព នៅច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាដោយប្រយោល រវាងប្រទេសទាំង២ បានបញ្ចប់នៅទីក្រុងដូហា ប្រទេសកាតា។
ប្រភពទាំងនោះបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីរ៉ង់ អំពីការបដិសេធរបស់ខ្លួន ចំពោះការផ្លាស់ប្តូរណាមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ន នៅច្រកសមុទ្រហ័រមូស។
ប្រភពទាំងនោះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទីក្រុងតេអេរ៉ង់ថា ការផ្លាស់ប្តូរណាមួយ នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀង ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកចាត់ទុកអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ៊ីរ៉ង់ ចំពោះស្ថានភាព នៅចក្រសមុទ្រ Hormuz ជាការសាកល្បងដំបូងឆ្ពោះទៅរកការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ចំពោះកិច្ចព្រមព្រៀង។
ប្រភពទាំងនោះបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវចំណាត់ការរបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រូវបានជូនដំណឹងថា វឌ្ឍនភាពណាមួយ ពាក់ព័ន្ធនឹងមូលនិធិបង្កករបស់ខ្លួន នៅតែជាលក្ខខណ្ឌ អាស្រ័យលើការអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងពេញលេញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ការជូនដំណឹងនេះកើតឡើងនៅពេលដែលអ៊ីរ៉ង់បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា ការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz នឹងបង្កឱ្យមានការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងរហ័ស»៕