ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានបាញ់សម្លាប់អ្នកបើកបរយន្តហោះអាមេរិកម្នាក់ និងបានដុតកម្ទេចចោលយន្តហោះ នៅក្នុងសារមួយផ្ញើរជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ។
ក្រុមឧទ្ទាមទាំងនេះ បានកាន់កាំភ្លើង និងពូថៅ និងលើកទង់ “Morning Star” គឺជានិមិត្តរូបនៃឯករាជ្យរបស់ខ្លួន ខណៈប្រកាសការវាយប្រហារ ។ នេះបើយោងតាមរូបភាពវីដែអូឃ្លីបដែលបញ្ចេញដោយកងទ័ពរំដោះជាតិប៉ាពួខាងលិច(TPNPB) ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំង និងកាលបរិច្ឆេតថតវីដេអូមួយនេះបានឡើយ ។
លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់កងទ័ព TPNPB និយាយថា ទាហានរបស់ពួកគេបានបាញ់សម្លាប់អ្នកបើកយន្តហោះអាមេរិកម្នាក់នេះគឺលោក Nicholas F. Gosselin និងដុតយន្តហោះគាត់ចោល ក្រោយចុះចតនៅតំបន់ Yahukimo ស្ថិតក្នុងខេត្តប៉ាពួខ្ពង់រាប ៕