អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះថា អឺរ៉ុបបាន និងកំពុងបង្កើនភាពតានតឹងដោយបន្តធ្វើយោធូបនីយកម្ម និងការប្រឈមមុខដាក់គ្នាជាមួយប្រទេសរុស្ស៊ី។
ហើយជាមួយគ្នានេះ អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមូស្គូ លោក Peskov បានលើកឡើងថា រុស្ស៊ីកំពុងត្រូវបានបង្ខំឱ្យរៀបចំផែនការវិធានការបន្ថែម ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន។
លោកបាននិយាយថា៖ «វាមិនមានការសង្ស័យនោះទេថា ការកើនឡើងនៃភាពតានតឹង នៅអឺរ៉ុប កំពុងកើតឡើង។ នៅពេលដែលសហភាពអឺរ៉ុប កំពុងអភិវឌ្ឍអត្តសញ្ញាណការពារជាតិរបស់ខ្លួន វាបានដើរលើមាគ៌ានៃយោធូបនីយកម្ម ហើយបានកំណត់ខ្លួនឯង ដើម្បីប្រឈមមុខដាក់គ្នាជាមួយសហព័ន្ធរុស្ស៊ី»។
លោក Peskov បានបន្តថា៖ «យើងមិនអាចធ្វើមិនដឹងមិនឮចំពោះរឿងនេះបានឡើយ។ កត្តានេះធ្វើឱ្យភាពតានតឹងដែលកំពុងកើនឡើងរួចហើយនៅទ្វីបអឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង ហើយបង្ខំយើងឱ្យរៀបចំផែនការវិធានការបន្ថែមដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនរបស់យើង»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា មានការយល់ឃើញខុសៗគ្នា នៅក្នុងប្រទេសរុស្ស៊ី រួមទាំងក្នុងចំណោមអ្នកសិក្សាផងដែរ អំពីរបៀបដែលល្អបំផុត ដើម្បីធានាសន្តិសុខរបស់ប្រទេស រាប់ចាប់ពីវិធីសាស្រ្ត «ម៉ឺងម៉ាត់ជាងមុន» រហូតដល់វិធីសាស្រ្ត «កាន់តែតឹងរ៉ឹងខ្លាំងឡើងជាងមុន»។ លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែរឿងមួយដែលមិនគួរមានការសង្ស័យ នោះគឺសន្តិសុខដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី និងផលប្រយោជន៍ជាតិរបស់ខ្លួន នឹងត្រូវបានធានាក្នុងករណីណាក៏ដោយ»៕