លោកប្រធានាធិបតីលីទុយអានី បាននិយាយថា គណបក្សនៅសភាលីទុយអានី បានព្រមព្រៀងគ្នាលើផែនការមួយ ដើម្បីលុបការហាមឃាត់តាមរដ្ឋធម្មនុញ្ញ ស្ដីពីអាវុធនុយក្លេអ៊ែរ និងមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសបាល់ទិកមួយនេះ ជាសញ្ញាមួយដែលបង្ហាញថា តើរុស្ស៊ីកំពុងធ្វើឲ្យមានការគណនាផ្នែកសន្តិសុខឡើងវិញនៅក្នុងតំបន់យ៉ាងដូចម្ដេច។
វិធានការនេះ ជាការសើរើផ្នែកច្បាប់ដ៏សំខាន់មួយដែលនឹងត្រូវការសំឡេងភាគច្រើន ២ភាគ៣ នៅក្នុងការបោះឆ្នោតសភាទាំង២ ដើម្បីទទួលបានការអនុម័ត នឹងលុបចោលការហាមឃាត់ដែលបានដាក់ឱ្យអនុវត្តជាង ៣ទសវត្សរ៍មុន បន្ទាប់ពីលីទុយអានីបានផ្ដាច់ចេញពីសហភាពសូវៀត។
បន្ទាប់ពីជួបជាមួយមេដឹកនាំគណបក្សមានសំឡេងនៅរដ្ឋសភា នាថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Gitanas Nauseda បានប្រាប់អ្នកសារព័ត៌មានថា៖ «ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ទៅៗ។ រដ្ឋធម្មនុញ្ញរបស់យើងត្រូវបានសរសេរឡើង នៅពេលដែលកាលៈទេសៈភូមិសាស្ត្រនយោបាយមានស្ថានភាពខុសគ្នាទាំងស្រុង»។
ក្នុងនាមជាប្រទេសសមាជិករបស់អង្គការណាតូ (NATO) លីទុយអានី ដែលមានព្រំដែនគោកជាមួយតំបន់ Kaliningrad របស់រុស្ស៊ី និងជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺបេឡារុស បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ៣ដង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ប្រទេសនេះកំពុងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងប្រដាប់អាវុធ ពង្រឹងព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងពលតូចត្រៀមប្រយុទ្ធរបស់អាល្លឺម៉ង់ ដែលនឹងមានមូលដ្ឋានជាអចិន្ត្រៃយ៍នៅទីនោះ ក្នុងឆ្នាំ២០២៧ ដើម្បីរារាំងរុស្ស៊ីកុំឲ្យមានការវាយប្រហារ។
ការប្រកាសនេះធ្វើឡើង ៤ខែបន្ទាប់ពីសម្ព័ន្ធមិត្តណាតូ គឺប្រទេសហ្វាំងឡង់ ដែលក៏មានព្រំដែនជាប់នឹងរុស្ស៊ីផងដែរ បានប្រកាសពីផែនការលុបចោលការហាមឃាត់ផ្នែកច្បាប់រាប់ទសវត្សរ៍ ស្ដីពីអាវុធនុយក្លេអ៊ែរ៕