ការផ្ទុះ នៅក្នុងទីក្រុងដាម៉ាសរបស់ប្រទេសស៊ីរី នាថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់រងរបួស ក្នុងនោះ ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya។
នៅមុននេះ អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya បានរាយការណ៍ថា មានការផ្ទុះនៅក្នុងហាងកាហ្វេមួយ ក្បែរវិមានយុត្តិធម៌ ក្នុងទីក្រុងដាម៉ាស។
ចំណែកអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានឃើញរថយន្តសង្គ្រោះបន្ទាន់បើកឆ្លងកាត់ចរាចរណ៍ ដោយមានសំឡេងស៊ីរ៉ែនបន្លឺឡើង នៅពេលពួកគេធ្វើដំណើរទៅកាន់តំបន់នោះ។
រីឯទូរទស្សន៍រដ្ឋបានរាយការណ៍ថា មនុស្សជាច្រើនបានរងរបួសដោយសារតែការផ្ទុះមួយ នៅជិតវិមានយុត្តិធម៌ ហើយថា ប្រភេទ និងដើមហេតុនៃការផ្ទុះ កំពុងត្រូវបានស៊ើបអង្កេត៕