ក្រុមមន្ត្រីបាននិយាយថា ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានបើករថយន្តសេរីភីកអាប់មួយគ្រឿងបំបុកចូលក្នុងក្បួនដង្ហែព្រះពុទ្ធសាសនា ដែលកំពុងនិមន្ត និងដើរធម្មយាត្រានៅភាគឦសានប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍២មិថុនាសប្ដាហ៍នេះ ដោយបានសម្លាប់ព្រះសង្ឃ ៩ អង្គ។

មូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែនគរបាលបាននិយាយថា ព្រះសង្ឃបានពិពណ៌នាអំពីការមើលឃើញរថយន្តនោះរេចង្កូតមុនពេលរធ្លាក់ចេញពីផ្លូវ ហើយជ្រុលទៅបុកក្រុមមនុស្សតែម្ដង។

ព្រះសង្ឃសរុបចំនួន ៣៥ អង្គមកពីខេត្ត Mukdahan ចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីបាងកក បានធ្វើដំណើរធម្មយាត្រា។ ព្រះសង្ឃចំនួន ៥ អង្គបានសុគតនៅនឹងកន្លែងកើតហេតុ ចំណែកព្រះសង្ឃចំនួន ៤ អង្គទៀតបានសុគតនៅមន្ទីរពេទ្យ។ យោងតាមរដ្ឋបាលខេត្ត ព្រះសង្ឃចំនួន ១៣ អង្គបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយព្រះសង្ឃចំនួន ៣ អង្គស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ធម្មយាត្រានេះបានចាប់ផ្តើមនិមន្ត និង ដើរចម្ងាយ ២៦០ គីឡូម៉ែត្រទៅកាន់ខេត្ត Ubon Ratchathani ប្រហែល ៣០ នាទីមុនពេលមានគ្រោះថ្នាក់។
វីដេអូកាមេរ៉ាសុវត្ថិភាពដែលបានចែករំលែកដោយក្រុមជួយសង្គ្រោះក្នុងស្រុក គឺសមាគមជួយសង្គ្រោះ Ruam Jai Mukdahan Rescue Association បង្ហាញពីព្រះសង្ឃកំពុងនិមន្តជាជួរតែមួយនៅម្ខាងផ្លូវ មុនពេលរថយន្តបុកព្រះសង្ឃទាំងនោះ។

នគរបាលនិយាយថា ក្មេងប្រុសរូបនេះកំពុងត្រូវបានឃុំខ្លួន ហើយនឹងត្រូវសួរចម្លើយនៅពេលដែលមន្ត្រីការពារកុមាររដ្ឋមកដល់។ លោកឧត្តមសេនីយ៍ទោ Pairoj Thaiphutsa មេបញ្ជាការនគរបាលខេត្ត Mukdahan បាននិយាយថា «ជនសង្ស័យជាកុមារ។ រថយន្តបង្កហេតុត្រូវបាននាំយកទៅធ្វើកោសល្យវិច្ច័យដើម្បីកំណត់មូលហេតុ»៕