កណ្ដាល ៖ មកដល់ថ្ងៃនេះ ព្រឹត្តិការណ៍២០ កុម្ភៈ បានបន្តអូសបន្លាយការរាតត្បាតមានរយៈពេល១ខែគត់ ហើយព្រឹត្តិការណ៍នេះ បានធ្វើអោយតំបន់ទីប្រជុំជនតូចធំ និង តំបន់ទេសចរណ៍កន្លែងដើរកម្សាន្តនានា នៅក្នុងខេត្តកណ្តាល បានបន្តភាពស្ងប់ស្ងាត់ខ្លាំងជាងមុន។
ក្នុងអំឡុងពេលព្រឹត្តិការណ៍២០កុម្ភៈនៅមិនទាន់មានភាពថមថយ និងមានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែម បានស្លាប់នៅថ្ងៃម្សិលមិញនេះទៀត ស្ថានភាពទីប្រជុំជនតូចធំនានានៅក្នុងខេត្តកណ្តាល ជាពិសេសចរាចរណ៍ការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមានការធ្លាក់ចុះ តាមទីផ្សារសាធារណៈមិនសូវមានមនុស្សច្រើន ហាងលក់ទំនិញនិងសេវាតូចធំមួយចំនួនបន្តផ្អាកជាធម្មតា បើទោះណានៅក្នុងខេត្តកណ្តាល មានសភាពស្ងប់ស្ងាត់ជាងមុន បើទោះណានៅថ្ងៃនេះផ្ទាល់ជាថ្ងៃចុងសប្តាហ៍ អ្នកបំរើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជននានា មានការឈប់សំរាកក៏ច្រើនយ៉ាងណាក៏ដោយ។
បើតាមពលរដ្ឋនៅខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែមីនានេះ ថា ថ្ងៃឈប់សំរាកចុងសប្តាហ៍ ពលរដ្ឋខេត្តកណ្តាលភាគច្រើនមិនចេញក្រៅផ្ទះដោយសារខ្លាចឆ្លងកូវីដ១៩ ហើយអ្នកចេញក្រៅផ្ទះភាគច្រើនជាអ្នកមានភារកិច្ចចាំ ប្រកបរបរ និងទិញទំនិញប្រចាំថ្ងៃ តែគេមានការប្រុងប្រយ័ត្នខ្លាំងការពារពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានកូវីដ១៩សរុបចំនួន៥៤នាក់បន្ថែម ក្នុងនោះខេត្តកណ្តាល បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន២៣នាក់បន្ថែមទៀតផងដែរ ដែលចំនួននេះ បានធ្វើអោយទូទាំងខេត្តកណ្តាល បានរកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈកើតកូវីដ១៩ សរុបកើតដល់ជាង២៥០នាក់។
នៅពេលនេះអាជ្ញាធរខេត្តកណ្តាល បាននិងកំពុងស្រាវជ្រាវបន្តរកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដើម្បីអោយគេចូលធ្វើចត្តាឡីស័ក និងធានាបានការគ្រប់គ្រងកូវីដ១៩ បានល្អនៅទូទាំងខេត្តកណ្តាល ខណៈបច្ចុប្បន្នខេត្ត រកឃើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០ កុម្ភៈ បានប្រមាណជាង ១៤៥០០នាក់ បានយកសំណាកពិនិត្យកូវីដ១៩ បានចំនួនជាង១៤០០នាក់ តម្រូវអោយមនុស្សចូលធ្វើចត្តាឡីស័កមានចំនួនជិត ១៦៤០នាក់ ធ្វើចត្តាឡីស័ក តាមផ្ទះមានចំនួន១១00នាក់៕
អត្ថបទ ៖ ស៊ុម សុខជា