អតីតអ្នកចរចាអាមេរិក-អ៊ីរ៉ង់ម្នាក់បាននិយាយទៅកាន់សារព័ត៌មាន Al Jazeera ថា សហរដ្ឋអាមេរិកត្រូវមានចំណាត់ការឲ្យបានកាន់តែលឿន ដើម្បីរក្សាសន្ទុះក្នុងការចរចាជាមួយទីក្រុងតេអេរ៉ង់ នៅពេលដែលពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បញ្ចប់។

លោក Alan Eyre ជាអ្នកការទូតដ៏លេចធ្លោម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវតំបន់មជ្ឈិមបូព៌ាមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវពិភាក្សាគ្នាឲ្យបានញឹកញាប់ និងយូរជាងពេលមុនៗ។
លោក Eyre និយាយថា «នេះគឺជាដំណើរការដ៏ស្មុគស្មាញខ្លាំងរហូតមកដល់ពេលនេះ។ ខ្ញុំយល់ថា ពួកគេបានផ្អាកក្នុងពេលពិធីបុណ្យសពរបស់ លោក Ayatollah Khamenei ប៉ុន្តែក្រោយពីពិធីបុណ្យចប់ ខ្ញុំសង្ឃឹមថាភាគីអាមេរិក ពិតជានឹងបង្កើនល្បឿនការងារនេះ»។

លោកបាននិយាយបន្ថែមថា «ភាគីទាំងពីរនៅមិនទាន់បានចាកចេញពីចំណុចចាប់ផ្តើមទាក់ទងនឹងការដាក់ចេញយន្តការនៃការធ្វើឲ្យច្រកសមុទ្រHormuzបើកទូលាយ និងរបៀបដែលច្រកសមុទ្រនេះត្រូវបានគ្រប់គ្រងនៅឡើយទេ ហើយក៏នៅមានបញ្ហាប្រទេសលីបង់ដែលត្រូវដោះស្រាយ និងបញ្ហានុយក្លេអ៊ែរដែលជាមូលហេតុចម្បងនៃរឿងរ៉ាវទាំងអស់»។