អេស្ប៉ាញ និងបារាំង កំពុងត្រៀមទល់ទល់រលកកម្ដៅអាចកើតមានមួយផ្សេងទៀត ដែលអាចនាំមកនូវសីតុណ្ហភាព ៤៤អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈតួលេខបង្ហាញថា កម្ដៅខ្លាំងនៅខែមិថុនា គឺជាមូលហេតុនៃការស្លាប់មនុស្សជាង២.០០០ នាក់ នៅក្នុងប្រទេសទាំងពីរ។

ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ Aemet និយាយថា ខ្យល់ស្ងួត និងក្តៅខ្លាំងមួយចំនួនធំនឹងនាំមកនូវសីតុណ្ហភាពខ្ពស់ជាប់លាប់ដល់ប្រទេសអេស្ប៉ាញភាគច្រើនចាប់ពីថ្ងៃសៅរ៍ ដោយបន្ថែមថា សីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននៃភាគអាគ្នេយ៍អាចឡើងដល់៤២ទៅ៤៤អង្សាសេនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។

លោក Rubén del Campo អ្នកនាំពាក្យរបស់ទីភ្នាក់ងារឧតុនិយមរដ្ឋ Aemet និយាយថា សីតុណ្ហភាពនឹងចាប់ផ្តើមកើនឡើងនៅចុងសប្តាហ៍នេះ ហើយពួកលោកមិនអាចច្រានចោលរលកកម្ដៅមួយផ្សេងទៀតបានទេ។ ទីភ្នាក់ងារនេះបាននិយាយថា សីតុណ្ហភាពខ្ពស់អាចបង្កើនលទ្ធភាពនៃភ្លើងឆេះព្រៃនៅសប្តាហ៍ក្រោយ និងបានព្រមានមនុស្សចាស់ និងអ្នកដែលមានបញ្ហាសរសៃឈាមបេះដូងឱ្យប្រុងប្រយ័ត្នបន្ថែមទៀតក្រោមកម្ដៅពេលថ្ងៃ។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា រលកកម្ដៅដ៏ធ្ងន់ធ្ងរ និងរាលដាលបំផុតដែលបានវាយប្រហារអឺរ៉ុបខាងលិច គឺអាចទៅរួច ដោយសារតែវិបត្តិអាកាសធាតុបង្កឡើងដោយការដុតឥន្ធនៈហ្វូស៊ីល។

តួលេខបណ្ដោះអាសន្នពីអេស្ប៉ាញ និងបារាំងបង្ហាញថា មនុស្សប្រហែល១.០០០នាក់បានស្លាប់ក្នុងប្រទេសនីមួយៗ ដោយសារតែកម្ដៅខ្លាំង។ យោងតាមទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលអេស្ប៉ាញ MoMo មានអ្នកស្លាប់ចំនួន ១.០២៩នាក់ បណ្តាលមកពីសីតុណ្ហភាពខ្ពស់ក្នុងខែមិថុនា។
ទីភ្នាក់ងារសុខភាពសាធារណៈបារាំងនិយាយកាលពីថ្ងៃអាទិត្យថា រលកកម្ដៅចុងខែមិថុនារយៈពេល១០ថ្ងៃ ដែលក្រុមអ្នកជំនាញនិយាយថា ជារលកកម្ដៅខ្លាំងបំផុតដែលប្រទេសនេះធ្លាប់ជួបប្រទះ បានបណ្តាលឱ្យមានមនុស្សស្លាប់បន្ថែមប្រហែល ១.០០០នាក់ បើធៀបទៅនឹងខែមុនៗ ចន្លោះថ្ងៃទី២៤ និង២៨ ខែមិថុនា ប៉ុន្តែបានព្រមានថា តួលេខនេះមិនទាន់ពេញលេញនៅឡើយទេ។ ចំនួនអ្នកស្លាប់ចុងក្រោយមិនទាន់ត្រូវបានចេញផ្សាយនៅឡើយ៕