ប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ២មិថុនា សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីពីរលើកជាប់គ្នានៅប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់ ២.៥៩៥ នាក់។

ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះបុរសម្នាក់ដែលជាប់នៅក្នុងគំនរបាក់បែកនៃផ្សារទំនើប ជិតប្រាំបីថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី។

លោកស្រី Rodriguez បាននិយាយថា មនុស្សជាង ១២.០០០ នាក់បានរងរបួស ខណៈអគារចំនួន ១៨៩ ត្រូវបានបំផ្លាញ។ លោកស្រីបានបន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែកំពុងដំណើរការ។
លោកស្រី Rodriguez បានបដិសេធយ៉ាងដាច់អហង្ការកាលពីថ្ងៃព្រហស្បតិ៍ដែលថារដ្ឋាភិបាលរបស់លោកស្រីបានធ្វើសកម្មភាពយឺតយ៉ាវពេកចំពោះគ្រោះមហន្តរាយបណ្តាលមកពីគ្រោះរញ្ជួយដីពីរលើកដែលបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ បន្ទាប់ពីការរិះគន់យ៉ាងទូលំទូលាយជាច្រើនថ្ងៃចំពោះកិច្ចខិតខំប្រឹងប្រែងឆ្លើយតបជាផ្លូវការ។
លោកស្រីក៏បាននិយាយផងដែរថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកបានផ្តល់ជំនួយហិរញ្ញវត្ថុ និងឥណទាន ដើម្បីគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេសវ៉េណេស៊ុយអេឡាបន្ទាប់ពីការរញ្ជួយដីពីរលើក បន្តបន្ទាប់គ្នាក្នុងកម្រិត៧,២ និង៧,៥ រ៉ិចទ័រ កាលពីថ្ងៃពុធទី២៤មិថុនាថ្មីៗនេះ។
លោកស្រីបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងបង្កើតមូលនិធិកសាងឡើងវិញចំនួន ២០០ លានដុល្លារដោយសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយប្រាក់នេះនឹងត្រូវបានផ្តល់ទៅឲ្យបណ្ដាក្រុមហ៊ុនម៉ៅការដើម្បីកសាងឡើងវិញនូវផ្ទះសម្បែងដែលបានបាត់បង់៕

