អ៊ុយក្រែន និងរុស្ស៊ី បានសន្យាថានឹងបង្កើនការប្រយុទ្ធគ្នាប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងមូស្គូបានបាញ់ផ្លោងដ៏សាហាវបំផុតរបស់ខ្លួនទៅលើរដ្ឋធានីគីវ ដោយបានសម្លាប់មនុស្ស ២៧ នាក់។ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៩១ នាក់រងរបួស និងអគារជាង ១៣០ ត្រូវបានបំផ្លាញ។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរបស់លោកប្រាកដជានឹងសងសឹកជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍។

អភិបាលរដ្ឋធានីគីវ លោក Vitali Klitschko បានប្រកាសកាន់ទុក្ខមួយថ្ងៃនៅក្នុងរដ្ឋធានីសម្រាប់ថ្ងៃសុក្រនេះ។ លោកថា ការខូចខាតត្រូវបានកត់ត្រានៅទូទាំងទីក្រុងដែលមានប្រជាជនប្រហែលបីលាននាក់ ដោយអគារមួយចំនួនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនទៅលើប្រទេសរុស្ស៊ី។ វិមានក្រឹមឡាំងបាននិយាយថា ក្រុមមេបញ្ជាការយោធារុស្ស៊ីបានជម្រាបជូនប្រធានាធិបតី លោក Vladimir Putin អំពីការវាយប្រហាររបស់រុស្ស៊ី ដោយបន្ថែមថា ទីក្រុងមូស្គូនឹងបង្កើនសម្ពាធដើម្បីសម្រេចគោលដៅសង្គ្រាមរបស់ខ្លួន។

លោក Zelenskyy និយាយថាសរុបមក រុស្ស៊ីបានបាញ់មីស៊ីលជាង ៧០ គ្រាប់ប្រភេទផ្សេងៗគ្នាមកលើអ៊ុយក្រែនពេញមួយយប់ ដែលស្ទើរតែពាក់កណ្តាលជាមីស៊ីលផ្លោង រួមជាមួយនឹងយានដ្រូនវាយប្រហារជិត ៥០០ គ្រឿង រួមទាំងយានដ្រូន shaheds ដែលដំណើរការដោយយន្តហោះចម្បាំង។ ការវាយប្រហារសំខាន់ត្រូវបានតម្រង់ទៅកាន់រដ្ឋធានី គីវ ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានស្តីបន្ទោសការបំផ្លិចបំផ្លាញនេះមួយផ្នែកទៅលើការបរាជ័យរបស់សម្ព័ន្ធមិត្ត ក្នុងការផ្តល់ប្រព័ន្ធការការពារដែនអាកាសដែលបានសន្យា។លោកថា ប្រសិនបើដៃគូរបស់លោកបានបំពេញតាមការសន្យារបស់ពួកគេទាន់ពេលវេលា រូបលោកគិតថាពិតជាអាចជួយសង្គ្រោះផ្ទះសម្បែង និងអាយុជីវិតមនុស្សបានច្រើនជាងនេះនៅថ្ងៃនេះ៕