ប្រជាជនអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា មុនពេលពិធីបុណ្យសពមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ពិធីបុណ្យសពនឹងចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ហើយបញ្ចប់ដោយការបញ្ចុះសពរបស់លោកនៅស្រុកកំណើតរបស់លោកនៅទីក្រុង Mashhad ភាគឦសាន នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា។

លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃដំបូងនៃសង្គ្រាម។ ច្បាប់របស់អ៊ីស្លាមតម្រូវថា អ្នកស្លាប់ត្រូវតែបានបញ្ចុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងរយៈពេល២៤ ម៉ោងបន្ទាប់ពីស្លាប់ ប៉ុន្តែករណីលើកលែងត្រូវបានអនុញ្ញាត ឧទាហរណ៍ដូចជានៅក្នុងពេលមានសង្គ្រាម។
ក្នុងអំឡុងការគ្រប់គ្រងរបស់លោក លោក Khamenei បានកសាងអ៊ីរ៉ង់ឱ្យក្លាយជាកម្លាំងប្រឆាំងសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល ដោយពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ាតាមរយៈកងកម្លាំងតំណាងដូចជាក្រុមហេសបូឡានៅលីបង់ ខណៈក៏ប្រើកណ្តាប់ដៃដែកដើម្បីបង្ក្រាបការផ្ទុះឡើងភាពវឹកវរនៅក្នុងស្រុក។
លោក Khamenei នៅតែជាអ្នករិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកពេញមួយការគ្រប់គ្រងរបស់លោក ខណៈរដ្ឋបាលអាមេរិកជាបន្តបន្ទាប់បានព្យាយាមដោះស្រាយជម្លោះជាមួយអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមិនទទួលបានជោគជ័យ។