ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង២.០០០នាក់ដែលស្នាក់នៅក្នុងជំរំជុំវិញទីក្រុង Canet-en-Roussillon ភាគខាងត្បូងប្រទេសបារាំងត្រូវបានជម្លៀសចេញ ខណៈចំហេះព្រៃកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា បានឆេះរាលដាលនៅជិតកំពង់ផែមួយកន្លែង ដោយបានឆេះទូកចតទុកជាច្រើនគ្រឿង។

អ្នកពន្លត់អគ្គិភ័យជាង២០០នាក់ត្រូវបានដាក់ឲ្យចល័តដើម្បីពន្លត់ភ្លើងព្រៃ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល២ រសៀលម៉ោងក្នុងស្រុកនៅតំបន់ក្បែរទីក្រុង Perpignan។ អ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធទប់ស្កាត់នឹងចំហេះព្រៃជាច្រើនកន្លែងដែលបានឆេះរាលដាលដោយវាយបក់ដោយខ្យល់ខ្លាំងនៅភាគខាងត្បូងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងទប់ទល់ជាមួយនឹងស្ថានភាពស្ងួតហួតហែងបន្ទាប់ពីរលកកម្តៅកាលពីពេលថ្មីៗនេះនៅអឺរ៉ុប។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បាននិយាយថា ចំហេះព្រៃបីកន្លែង ដែលពីរកន្លែងបានឆេះរាលដាលនៅជាយខាងលិចទីក្រុងកំពង់ផែ Marseille នៃសមុទ្រមេឌីទែរ៉ាណេ បានឆេះបំផ្លាញផ្ទៃដីសរុបចំនួន១.២១០ហិកតា។ នាយករដ្ឋមន្ត្រី លោក Sebastien Lecornu បាននិយាយថា ផ្ទៃដីចំនួន ៨.៧០០ហិកតាត្រូវបានឆេះនៅក្នុងប្រទេសបារាំងរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ រួមទាំង ១.២០០ហិកតាកាលពីថ្ងៃពុធ ទី១ ខែកក្កដា តែមួយថ្ងៃ ហើយក្រុមអ្នកពន្លត់អគ្គិភ័យសរុបចំនួន២.០០០នាក់ត្រូវបានចល័ត។