យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានឲ្យដឹងថា ក្រុមជួយសង្គ្រោះ និងសមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសស៊ីរី បានទៅដល់កន្លែងកើតហេតុនៃហេតុការផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយកន្លែងដែលមានមនុស្សច្រើននៅទីក្រុងដាម៉ាសភាគកណ្តាលកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែកក្កដា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់ និងរងរបួស ១៦ នាក់ផ្សេងទៀត។

ទូរទស្សន៍រដ្ឋស៊ីរីបាននិយាយថា គ្រាប់បែកមួយគ្រាប់ត្រូវបានបង្កប់នៅហាងកាហ្វេនៅជិតវិមានយុត្តិធម៌នៅកណ្តាលរដ្ឋធានីប្រទេសស៊ីរី។ ពុំមានព័ត៌មានលម្អិតផ្សេងទៀតអំពីការវាយប្រហារជាក់ស្តែងនោះទេ ហើយក៏ពុំមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះហេតុការណ៍នេះដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងអ្នករងរបួស ដោយដកស្រង់សម្តីប្រធានសេវាសុខភាពសង្គ្រោះបន្ទាន់របស់ប្រទេសស៊ីរី។ ទីក្រុងដាម៉ាស បានរងការវាយប្រហារច្រើនលើកចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad កាលពីចុងឆ្នាំ ២០២៤។
កាលពីថ្ងៃទី ១៩ ខែឧសភា គ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿង បានសម្លាប់ទាហានស៊ីរីម្នាក់ និងរបួសយ៉ាងហោចណាស់ ១៨ នាក់ផ្សេងទៀត នៅខាងក្រៅអគារក្រសួងការពារជាតិ ក្នុងទីក្រុងដាម៉ាស។
