ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ថា មនុស្សជាង១៧លាននាក់នៅទូទាំងរដ្ឋចំនួន៩ដែលរងគ្រោះដោយជម្លោះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ និងបានព្រមានថាអំពើហិង្សា និងការកាត់បន្ថយមូលនិធិកំពុងជំរុញឱ្យមានអសន្តិសុខស្បៀងដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងទៅនេះ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវិភាគសន្តិសុខស្បៀងចុងក្រោយបានបង្ហាញថា មនុស្សជាច្រើនប្រឈមនឹងវិបត្តិ ភាពអាសន្ន ឬភាពអត់ឃ្លានដ៏មហន្តរាយ បានកើនឡើងជិតពីរលាននាក់ពីការព្យាករណ៍កាលពីពេលមុន។

ការរកឃើញនេះ បញ្ជាក់ពីការចំណាយផ្នែកមនុស្សធម៌កាន់តែច្រើនឡើងនៃភាពអសន្តិសុខនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក ជាកន្លែងដែលក្រុមបះបោឥស្លាមនិយមនៅភាគឦសាន និងក្រុមជនអន្ធពាលប្រដាប់អាវុធស្ថិតនៅក្នុងតំបន់មួយចំនួននៅភាគខាងជើង បានឲ្យប្រជាជនជម្លៀសចេញពីសហគមន៍ រារាំងកសិករពីវាលស្រែចំការរបស់ពួកគេ និងរឹតត្បិតការនាំចូលជំនួយ។
អង្គការWFP បាននិយាយថា រដ្ឋ Borno ដែលជាចំណុចកណ្តាលនៃការបះបោរឥស្លាមនិយមជាយូរអង្វែងមក មនុស្សជាង៣លាននាក់ជួបអសន្តិសុខស្បៀង រួមទាំងជាង៧៥០.០០០នាក់កំពុងប្រឈមទៅនឹងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ។