អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីប្រារព្ធពិធីប្រពៃណី «Banderazo» មុនមួយថ្ងៃនៃការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ទល់នឹងក្រុមជម្រើសជាតិកាប់វែរ។
ក្នុងបរិបទបាល់ទាត់ Banderazo សំដៅលើ ការប្រមូលផ្តុំរបស់អ្នកគាំទ្រ ដើម្បីលើកទឹកចិត្តក្រុមរបស់ខ្លួនមុនការប្រកួត។
បរិយាកាសនៅឆ្នេរសមុទ្រ Miami ពោរពេញទៅដោយស្មារតីគាំទ្រយ៉ាងកក់ក្តៅ ខណៈអ្នកគាំទ្រជាច្រើនស្លៀកពាក់ពណ៌ខៀវ-ស របស់អាហ្សង់ទីន គ្រវីទង់ជាតិ ច្រៀង បង្កើតបទភ្លេង និងរាំកម្សាន្តរួមគ្នា។ កន្លែងជួបជុំនោះក៏មានការរៀបចំអាំងសាច់បែបអាហ្សង់ទីន និងតុបតែងដោយទង់ជាតិដែលមានរូបរបស់ Lionel Messi និងវីរបុរសបាល់ទាត់ Diego Maradona ផងដែរ។
អ្នកគាំទ្រមួយចំនួនបានពាក់ម៉ាស់មុខធំរបស់ Lionel Messi និងកាន់ពានរង្វាន់ World Cup ចម្លង ដើម្បីថតរូបទុកជាអនុស្សាវរីយ៍ បង្ហាញពីទំនុកចិត្តថា ក្រុមម្ចាស់ជើងឯកពិភពលោកនឹងបន្តដំណើរទៅវគ្គបន្ទាប់។
អ្នកគាំទ្រម្នាក់ឈ្មោះ Geronimo Guenen បានបង្ហាញជំនឿថា អាហ្សង់ទីននឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល ដោយព្យាករថា ក្រុមរបស់លោក Lionel Scaloni អាចឈ្នះក្នុងលទ្ធផល ៣-០ ឬ ២-០។
ចំណែកអ្នកគាំទ្រម្នាក់ទៀតឈ្មោះ Nina Videla បានលើកឡើងថា បទពិសោធន៍ក្នុងនាមជាក្រុមការពារតំណែងជើងឯក នឹងជួយឱ្យអាហ្សង់ទីនបន្តដំណើរដោយជោគជ័យ។ នាងជឿជាក់ថា កីឡាកររបស់អាហ្សង់ទីន រួមទាំង Lionel Messi ដែលជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោក នឹងបង្ហាញទម្រង់លេងកាន់តែល្អនៅក្នុងការប្រកួតជាបន្តបន្ទាប់៕ អត្ថបទ៖នាង សុភាវុធ



