ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំវាយបកតាមស្មើក្រុមខ្លាំង សសយក ស្រុករមាសហែក្នុងការប្រកួតកីឡាបាល់ទាត់នារីពានរង្វាន់ខេត្តស្វាយរៀងឆ្នាំ២០២៦ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនស្វាយរំពារ។
ជំនួបនេះក្នុងវគ្គទី១ លេងបានត្រឹម១៦នាទីរមាសហែកផ្ដើមនាំមុខពីរគ្រាប់មុនដោយកីឡាការិនី ជៃ កាក់នីកា នាទីទី១២ និងកីឡាការិនី ប្រាក់ ស្រីនាង នៅនាទីទី១៦ ប៉ុន្តែ៣នាទីបន្ទាប់ព្រះខ័នរាជស្វាយរៀងវាយបកបានមួយគ្រាប់វិញដោយកីឡាការិនី មួន សម្ជស្ស។ លុះនាទីទី៧០ កីឡាការិនី សុខ ច័ន្ទកញ្ញា រកគ្រាប់បាល់តាមស្មើឱ្យព្រះខ័នរាជស្វាយរៀង។
ទោះលទ្ធផលស្មើគ្នាក្ដី ស្រុករមាសហែកនៅបន្តឈរនៅកំពូលតារាង ក្រោយ៥ប្រកួតមាន១២ពិន្ទុ ព្រះខ័នរាជស្វាយរៀង ១២ពិន្ទុដែរ ។ CRS Sports ឈរលេខ៣មាន៩ពិន្ទុ និងស្រុកស្វាយទាបលេខ៤មាន៦ពិន្ទុ។
ថ្ងៃអាទិត្យនេះមានពីរប្រកួតដែរ ដោយក្រុម 2Brothers ប្រកួតជាមួយវិទ្យាល័យព្រះពន្លា និងស.ស.យ.ក ស្រុកកំពង់រោទិ៍ប្រកួតជាមួយ CRS Sports។
សូមជម្រាបជួនថាក្រោយការប្រកួតវិលជុំសន្សំពិន្ទុ ៤ក្រុមលើគេ នឹងត្រូវប្រជែងជើងឯកដោយក្រុមលេខ៤ ត្រូវជួបលេខ៣ ហើយអ្នកឈ្នះឡើងទៅជួបក្រុមលេខ២ រួចអ្នកឈ្នះការប្រកួតនេះត្រូវឡើងទៅជួបក្រុមលេខ១ដើម្បីសម្រេចជើងឯក៕









