មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារលីបង់ប្រហែល ១០០.០០០នាក់ ប្រឈមនឹងការខកខានឆ្នាំសិក្សាថ្មី ប្រសិនបើសាលារៀនដែលរងការខូចខាតដោយសង្គ្រាម មិនត្រូវបានជួសជុល នៅក្នុងខែកញ្ញានោះទេ។
ការព្រមាននេះ បានកើតឡើង បន្ទាប់ពីការស្ទង់មតិទូទាំងប្រទេសដោយ UNICEF និងក្រសួងអប់រំ និងឧត្តមសិក្សាលីបង់ បានរកឃើញការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងវិស័យអប់រំរបស់ប្រទេសនេះ ពីជម្លោះមជ្ឈិមបូព៌ាថ្មីៗនេះ។

ការវាយតម្លៃនេះ បានកំណត់អត្តសញ្ញាណស្ថាប័នអប់រំចំនួន ៣៤០ ដែលរងផលប៉ះពាល់ រួមទាំងសាលារៀន និងមជ្ឈមណ្ឌលវិជ្ជាជីវៈ ដោយមានសាលារៀនចំនួន ១៧ ត្រូវបានបំផ្លាញ និងជាច្រើនទៀត ត្រូវការការជួសជុលយ៉ាងច្រើន មុនពេលបើកដំណើរការឡើងវិញដោយសុវត្ថិភាព។
UNICEF បានព្រមានថា ការអវត្តមានពីសាលារៀនរយៈពេលយូរ អាចបង្កើនហានិភ័យដូចជាពលកម្មកុមារ និងការរៀបអាពាហ៍ពិពាហ៍មុនអាយុ។
ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្តារឡើងវិញសាលារៀនដែលរងការខូចខាត និងរក្សាការសិក្សា ខណៈពេលដែលអំពាវនាវឲ្យមានមូលនិធិបន្ថែម៕
