ប្រធានគណៈកម្មការអឺរ៉ុប( EC) លោកស្រី Ursula von der Leyen នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងយេរេវ៉ាន (Yerevan)ថា EC បានសន្យាផ្តល់ជំនួយចំនួន ៣៨ លានអឺរ៉ូ ដល់ប្រទេសអាមេនី ហើយនឹងបើកទីផ្សារអឺរ៉ុបទទួលយកទំនិញអាមេនីចំនួន ៨០% ។

លោកស្រី Von der Leyen បាននិយាយថា៖«ទី១ ប្រទេសអាមេនី នឹងទទួលបានជំនួយបន្ថែមចំនួន ១៨ លានអឺរ៉ូ ក្នុងពេលឆាប់ៗនេះ ដើម្បីជួយពង្រឹង និងពង្រីកពាណិជ្ជកម្មរបស់ខ្លួន។ ឧទាហរណ៍ មូលនិធិនេះ អាចជួយបង្កើតភ្នាក់ងារលើកកម្ពស់ការនាំចេញ និងជំរុញសមត្ថភាពនាំចេញរបស់អាជីវកម្មអាមេនី។ ជំនួយចំនួន ១៨ លានអឺរ៉ូនេះ គឺជាផ្នែកចុងក្រោយនៃកញ្ចប់ជំនួយចំនួន ៥២ លានអឺរ៉ូដែលយើងបានពិភាក្សានៅក្នុងការការសន្ទនាតាមទូរស័ព្ទរបស់យើង នៅដើមខែមិថុនា»។
លោកស្រីបានបន្តថា៖«ទី២ យើងកំពុងឈានមួយជំហានទៀត៖ យើងកំពុងបង្ហាញសំណើសម្រាប់វិធានការពាណិជ្ជកម្មស្វយ័ត។ ពួកគេនឹងធ្វើសេរីភាវូបនីយកម្មស្ទើរតែ ៨០% នៃការនាំចេញរបស់អាមេនីទៅកាន់សហភាពអឺរ៉ុប។ នោះមានន័យថា ៨០% នៃពាណិជ្ជកម្មរបស់អាមេនីជាមួយយើងឥឡូវនេះ នឹងមិនគិតពន្ធ»។
លោកស្រី von der Leyen បានបញ្ជាក់ថា ថវិកាបន្ថែមចំនួន ២០ លានអឺរ៉ូ នឹងត្រូវបានបែងចែក ដើម្បីគាំទ្រដល់សហគមន៍ដែលរស់នៅតាមតំបន់ព្រំដែន៕
