ទោះបីជាមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ីក៏ដោយ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាមិនអើពើនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសលោកនោះទេ។

លោកបានចាត់ទុកការវាយប្រហារលើប្រទេសផលិតប្រេងឈានមុខគេមួយរបស់ពិភពលោកនេះថា «មិនសំខាន់ទេ» ដោយបានបដិសេធសំណើបទឈប់បាញ់ និងទទូចថា សង្គ្រាមនឹងបន្តរហូតដល់គោលដៅរបស់លោកត្រូវបានសម្រេច។
លោក ពូទីន បានពិពណ៌នាអំពីការវាយប្រហារលើថាមពលរបស់រុស្ស៊ីថា ជាកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីបង្វែរការចាប់អារម្មណ៍ពីការខាតបង់របស់ខ្លួននៅសមរភូមិ ទោះបីជាអ្នកវិភាគនិយាយថា ការរុលចូលទៅមុខរបស់កងកម្លាំងរុស្ស៊ី ត្រូវបានរារាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ។ មេដឹកនាំរុស្ស៊ីរូបនេះ ហាក់ដូចជាជឿថា រដ្ឋាភិបាលរបស់លោកអាចរក្សាវិបត្តិប្រេងឥន្ធនៈពីការបំផ្លាញអំណាច និងការគាំទ្ររបស់លោកចំពោះសង្គ្រាមដែលលោកបានចាប់ផ្តើមជាង៤ឆ្នាំមុន។
កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយយានដ្រូន និងមីស៊ីលលើទីក្រុងគីវកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ ដែលអភិបាលក្រុងនេះ បានពិពណ៌នាថា ជា«ការវាយប្រហារទ្រង់ទ្រាយធំបំផុត» លើរដ្ឋធានីអ៊ុយក្រែន៕
