យោងតាមអនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់សម្ពាធលើរដ្ឋាភិបាលនានានៅជុំវិញពិភពលោកឱ្យបញ្ចប់កម្មវិធីថែទាំសុខភាពទ្វេភាគីជាមួយប្រទេសគុយបា។
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃពុធថា ផលប៉ះពាល់នៃការបញ្ចប់កម្មវិធីទាំងនេះ នឹង «ធ្វើឱ្យសហគមន៍ជាច្រើនលែងទទួលបានសេវាថែទាំសុខភាព»។ លោកនិយាយថា សហរដ្ឋអាមេរិក ក៏កំពុងដាក់សម្ពាធលើរដ្ឋាភិបាលដទៃទៀតឱ្យផ្លាស់ប្តូរជំហរជាទម្លាប់របស់ខ្លួនប្រឆាំងការបិទផ្លូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងថែមទាំងច្រានចោលមិនពិភាក្សាអំពីបញ្ហានេះនៅអង្គការសហប្រជាជាតិ។
លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើរដ្ឋាភិបាលដទៃទៀតដោយជោគជ័យដើម្បីអនុវត្តតាមបម្រាមដែលបានចេញដោយទីក្រុងវ៉ាស៊ីនតោនលើការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា។ អាជ្ញាធរគុយបា បានថ្កោលទោសម្តងហើយម្តងទៀតចំពោះការបិទផ្លូវថាមពលរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាសកម្មភាពប្រល័យពូជសាសន៍ និងជាទម្រង់នៃការដាក់ទណ្ឌកម្មរួមដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរាល់ថ្ងៃរយៈពេលយូរ កង្វះការដឹកជញ្ជូន និងជាឧបសគ្គចំពោះសកម្មភាពសេដ្ឋកិច្ច។
ក្នុងរយៈពេល៦ខែកន្លងទៅនេះ ប្រទេសគុយបា ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈ បានទទួលនាវាដឹកប្រេងតែមួយគ្រឿងប៉ុណ្ណោះ ជានាវារបស់រុស្ស៊ី Anatoly Kolodkin ដែលដឹកប្រេងឆៅប្រហែល១សែនតោន។ យោងតាមប្រភពផ្លូវការ បានឲ្យដឹងថា ប្រទេសគុយបា ត្រូវការនាវាដឹកប្រេងប្រហែល៨គ្រឿងក្នុងមួយខែដើម្បីដំណើរការជាធម្មតា។

